អាមេរិកទុកពេលអោយក្រុមហ៊ុនហូវៃ ៩០ថ្ងៃដើម្បីទិញគ្រឿងផ្គត់ផ្គង់ពីអាមេរិក

បរទេស ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងពង្រីកអាជ្ញាប័ណ្ណបន្ធូរបន្ថយការរឹតបន្តឹង លើកិច្ចព្រមព្រៀងអាជីវកម្ម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei រយៈពេល ៩០ ថ្ងៃ បន្ថែមទៀត។

ក្រសួងបានអោយដឹងថា អាជ្ញាប័ណ្ណទូទៅបណ្តោះអាសន្ននេះ អនុញ្ញាតឱ្យមានការចូលរួមមានកំណត់ និងជាក់លាក់ នៅក្នុងប្រតិបត្តិការទាក់ទង នឹងការនាំចេញ ការនាំចេញបន្ត និងការផ្ទេរទំនិញ ទៅឱ្យក្រុមហ៊ុន Huawei និងក្រុមហ៊ុនដែលមិនជាប់ពាក់ព័ន្ធនឹង សហរដ្ឋអាមេរិក។

ការទុកពេលសំរាប់ការដាក់ទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ក្រុមហ៊ុន Huawei និងសាខាក្រុមហ៊ុនចំនួន ៦៨ នៅក្នុងបញ្ជីអង្គភាព កាលពីខែឧសភា ដែលដាក់កម្រិតលើការលក់ ឬផ្ទេរបច្ចេកវិទ្យាសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ។ កាលពីថ្ងៃទី ២០ ខែឧសភា ក្រសួងបានចេញអាជ្ញាប័ណ្ណបណ្តោះអាសន្ន រយៈពេល ៩០ ថ្ងៃ ដើម្បីបន្ធូរបន្ថយការរឹតត្បិតមួយចំនួន។

ការបន្ធូរបន្ថយបណ្តោះអាសន្ននេះ បានធ្វើឡើង ចំពេលមានការព្រួយបារម្ភថា អតិថិជនរបស់ក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិក ជាពិសេសអ្នកនៅតំបន់ជនបទ នឹងជនរងគ្រោះ ដោយសារមិនអាចដំណើរការចូលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Huawei បាន។ ទន្ទឹមនឹងនេះដែរ ការិយាល័យសន្តិសុខឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម សហរដ្ឋ អាមេរិកបានបន្ថែមសាខាក្រុមហ៊ុន Huawei ចំនួន ៤៦ ផ្សេងទៀត ទៅក្នុងបញ្ជីអង្គភាព។ ជាការឆ្លើយតប នេះ ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ក្រុមហ៊ុនច្បាស់ថា ការសម្រេចចិត្តនេះ បានធ្វើឡើង នៅពេលវេលាជាក់លាក់បែបនេះ គឺជាហេតុផលនយោបាយ ហើយគ្មានអ្វីទាក់ទងជាមួយសន្តិសុខជាតិឡើយ៕