អគ្គលេខាធិការ អង្គការសហប្រជាជាតិ( UN ) អំពាវនាវឲ្យគ្រប់គ្នាប្រឹងប្រែង ការពារសមុទ្រ និងមហាសមុទ្រ

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជា់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារ សមុទ្រ និងមហាសមុទ្រទាំងឡាយ នៅលើភពផែនដីមួយនេះ។

លោក Antonio Guterres ធ្វើការកត់សម្គាល់ខាងលើ នៅសុន្ទរកថាមួយនាឱកាស ទិវាមហា សមុទ្រពិភពលោក «World Oceans Day» ថ្ងៃទី០៨ ខែមិថុនា។ ថ្លែងនាឱកាសនោះ លោកប្រមុខ UN បានគូសបញ្ជាក់ថា «សមុទ្ររបស់ពួកយើងកំពុងរងការបំពុល ដោយសំណល់បា្លស្ទិច ដែល អណ្តែតលើផ្ទៃសមុទ្រ រហូតលិចចូលក្រោមបាតសមុទ្រ»។

លោក Guterres បានសង្កត់ធ្ងន់បន្ថែមទៀតថា «ការនេសាទច្រើនហួសហេតុ ក៏បានធ្វើឱ្យខាតបង់ ប្រាក់ចំណេញជាង ៩០ពាន់លានដុល្លារ ផងដែរក្នុងមួយឆ្នាំៗ ដែលនេះបាននិងកំពុងផ្ដល់ផលប៉ះ ពាល់ដល់ស្ត្រីងាយរងគ្រោះ ដែលរស់នៅពឹងផ្អែកលើអាជីវកម្មនេសាទខ្នាតតូច»។

សូមបញ្ជាក់ថា បើតាមលោក Antonio Guterres មនុស្សច្រើនជាង ៣ពាន់លាននាក់នៅជុំវិញ ពិភពលោក គឺពឹងផ្អែកលើមហាសមុទ្រ ដើម្បីការចិញ្ចឹមមជីវិត ហើយក្នុងនោះភាគច្រើនពួកគេ គឺជាប្រជាជននៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕