អ.ស.ប បាននិយាយថា ការប្រយុទ្ធគ្នាថ្មីៗនៅភាគខាងកើតមីយ៉ាន់ម៉ាបណ្តាលអោយប្រជាជនផ្លាស់ទីលំនៅប្រហែល ១០ ម៉ឺននាក់

កាលពីថ្ងៃអង្គារទី៨ មិថុនា ឆ្នាំ២០២១ ម្សិលម៉ិញនេះ អង្គការសហប្រជាជាតិបាននិយាយ ថា ប្រជា ជនប្រមាណ ១០០.០០០នាក់បានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នាថ្មីៗរវាងយោធានិងក្រុមឧទ្ទាមនៅភាគខាងកើតប្រទេសដែលញាំញីដោយរដ្ឋប្រហារនេះ។ការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងសហគមន៍ជាច្រើន ជាពិសេសនៅតាមទីប្រជុំជន ដែលមានចំនួនអ្នកស្លាប់ច្រើនដោយសារស្នាដៃរបស់ប៉ូលិស ហើយអ្នកស្រុកមួយចំនួនបានបង្កើត “កម្លាំងការពារ” ដោយខ្លួនឯង។

ការិយាល័យអ.ស.បនៅមីយ៉ាន់ម៉ាបាននិយាយពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាថ្មីៗនិងការវាយប្រហារមិនរើសមុខពីសំណាក់កងកម្លាំងសន្តិសុខប្រឆាំងនឹងតំបន់ជនស៊ីវិលបានបង្ខំមនុស្សប្រមាណ ១០០.០០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅរដ្ឋកាយ៉ាភាគខាងកើតជិតព្រំដែនថៃ។

ការិយាល័យនេះនិយាយថា អ្នកដែលស្ថិតនៅក្នុងតំបន់រងការវាយប្រយុទ្ធគ្នាកំពុងត្រូវការស្បៀងអាហារទឹកជម្រកនិងការថែរក្សាសុខភាពជាបន្ទាន់ ដោយបន្ថែមថា ការរឹតបន្តឹងការធ្វើដំណើរដោយកងកម្លាំងសន្តិសុខកំពុងពន្យារពេលក្នុងការផ្តល់ជំនួយដែលត្រូវការចាំបាច់។

រូបថតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ពីតំបន់បានបង្ហាញក្រុមអ្នកភូមិផលិតកាំភ្លើងក្នុងរោងជាងចល័ត ខណៈក្រុមស្វ័យការពារក្នុងស្រុកចេញតតាំងជាមួយយោធាភូមា។យោងតាមអង្គការឃ្លាំងមើលក្នុងស្រុកបានឱ្យដឹងថា មនុស្សជាង ៨០០ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសក្នុងការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់យោធាលើអ្នកប្រឆាំងចាប់តាំងពីខែកុម្ភៈ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេស មយយនេះ បានជាប់នៅទ្រឹងចាប់តាំងពីពួកឧត្តមសេនីយ៍បណ្តេញរដ្ឋាភិបាលរបស់លោកស្រីអ៊ុង សាន ស៊ូជីកាលពីខែកុម្ភៈដោយចោទប្រ កាន់ពីបទលួចបន្លំក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០២០៕