អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងពង្រីកវិសាលភាព នៃការលក់ដូរនៅផ្សាររដ្ឋទាំង២៥ ឱ្យបាន ទូលំទូលាយជាងមុន នៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ

កាលពីល្ងាចថ្ងៃទី៨ ខែ មិថុនា ម្សិលម៉ិញ នៅក្នុងកិច្ចប្រជុំតាមរយៈ video conference នៅសាលា រាជធានី ភ្នំពេញ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ផ្សាររដ្ឋទាំង២៥ ត្រូវបាន អាជ្ញាធរសម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញប្រមាណ ២សប្ដាហ៍កន្លងមកហើយ ដោយ លក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម។

ប៉ុន្តែមកដល់ពេលនេះ ពោលក្រោយពីបើកឲ្យដំណើរការឡើងវិញនោះឃើញថា នៅតាមផ្សាររដ្ឋ ទាំង២៥ មិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីក វិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម បានបញ្ជាក់ថា មុននៃការបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាង មុននេះ រដ្ឋបាល រាជធានីភ្នំពេញ នឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង ២៥ជាមុនសិន ដើម្បីពិនិត្យ លទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា។

ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងថ្មី មួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជន ឱ្យបានជ្រាបជាព័ត៌ មាន ដោយសារតែប្រជាពលរដ្ឋ ភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្ត «៣កុំ និង៣ការពារ» បានល្អមានន័យថា ពួកគាត់ចេះរស់នៅក្នុង បដិបទថ្មី កូវីដ-១៩ហើយ៕