នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជាលើកទី៧ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២៤៧នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា។
លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារ និងបុគ្គ លិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់គ្រូ-បុគ្គលិក ដែលបានយក អស់កម្លាំង កាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ ប្រកប ដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។
ទន្ទឹមជាមួយគ្នានេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញើ ដល់ គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ៣ការពារ និង ៣កុំ ឱ្យ បានខ្ជាប់ខ្ជួន។
លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះ បំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអំណោយមនុស្សធម៌ជូនបុរីទារក និងកុមារជាតិ បានចំនួន ៧លើក គិតចាប់តាំងពីឆ្នាំ២០១៦រៀងមក ហើយដែលអំណោយផ្តល់ជូននា ពេលនេះរួម មាន៖ អង្ករ ២តោន, មី ៤០កេស, ត្រីខ ៥កេស, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ២០កេស, ទឹកត្រី ៣០ដប, ទឹកស៊ីអ៊ីវ ៣០ដប, ប្រេងឆា ២កេស, អំបិល ២៥គីឡូក្រាម, ដុំស៊ុបខ្នរ ៣កេស, អាល់កុល ៦០លីត្រ, ម៉ាស់ ២០ប្រអប់ (ស្មើនឹង ១,០០០ម៉ាស់) និងថវិកា ១០លានរៀល។
ដោយឡែក គ្រូ-បុគ្គលិក ចំនួន ៨៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ម៉ឺនរៀល៕