បែចិញ្ចឹមត្រី ចំនួន ៥ នៅក្នុងខណ្ឌឬស្សីកែវ និង ខណ្ឌព្រែកព្នៅ បាន ចាកចេញ ទៅរកទីតាំងថ្មី តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ តែត្រូវបានអាជ្ញាធរ នៅស្រុកពញាឮ ខេត្តកណ្តាល ដេញឱ្យត្រឡប់ មកកន្លែងដើមវិញ។
ម្ចាស់បែចិញ្ចឹមត្រី ចំនួន ៥ ដែលបានចាកចេញ ទៅរកកន្លែងថ្មី ហើយត្រូវបាន គេដេញ ឱ្យមកកន្លែង ដើមវិញនេះ បានកើតមានឡើង បន្ទាប់ពីរដ្ឋបាលខណ្ឌនានា និងរដ្ឋបាលជលផល ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់បែចញ្ចឹមត្រីម្ចាស់ផ្ទះ បណ្តែតទឹក ធ្វើបំលាស់ទីនេះ បន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តី ជូនដំណឹង ស្តីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំ ណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា រួចមក។
នៅសេចក្តីជូនដំណឹងនេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ជ្រាបថា កន្លងមក មានជនឱកាសនិយម មួយចំនួន បានលបលួច ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បាន ប្រែក្លាយជាកន្លែង ស្នាក់នៅ ដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យដែលបង្ក ឱ្យបាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់ផ្លូវនាវាចរណ៍ ប៉ះពាល់ដល់ប្រព័ន្ធ អេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស ការប្រើប្រាស់ ចំណីសម្រាប់ ចិញ្ចឹមត្រី និងការបញ្ចេញ កាកសំណល់ ការបន្ទោរបង់ ពាសវាល ពាសកាល ក្នុងទន្លេ ធ្វើឱ្យខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានី ភ្នំពេញ ព្រមទាំងប៉ះពាល់ ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹក មិនស្អាតផងដែរ ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាព អសកម្ម ខាងលើ រដ្ឋបាល រាជធានី ភ្នំពេញ តម្រូវឱ្យ ម្ចាស់បែចិញ្ចឹមត្រីផ្ទះបណ្តែត ទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ០១ ( មួយ ) សប្ដាហ៍ គិត ចាប់ពីកាល បរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះ តទៅ ។
ផុតរយៈពេលនេះ រដ្ឋបាល រាជធានីភ្នំពេញ នឹង ចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬ ការបាត់បង់ណាមួយឡើយ ហើយ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋ ប្តូរទម្លាប់ពីការ ចិញ្ចឹមត្រី តាមបែលើផ្ទៃទន្លេ នៅ ភូមិសាស្ត្រ រាជធានីភ្នំពេញ មកចិញ្ចឹមត្រី តាមស្រះវិញ ។
រដ្ឋបាល រាជធានីភ្នំពេញ មានក្តីសង្ឃឹម យ៉ាងមុតមាំថា បងប្អូន ប្រជាពលរដ្ឋ និង សាធារណជន ជាពិសេស ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ទាំងអស់ នឹងចូលរួមអនុវត្តតាម ខ្លឹមសារ សេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ផល ប្រយោជន៍រួម របស់រាជធានីភ្នំពេញ ។
អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ លោក ម៉ូត ហូសាន់ បានប្រាប់ឱ្យដឹង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថាៈ ដោយអនុវត្តតាមសេចក្តីជូនដំណឹង លេខ០៨/២១ ចុះថ្ងៃទី២ ខែមិថុនា របស់រដ្ឋបាល រាជធានីភ្នំពេញ បែត្រីចំនួន ៥ ដែលជារបស់អាជីវករ ធ្វើ អាជីវកម្ម ក្នុងរដូវបើក នេសាទ តាមគន្លងដាយ ក្នុងរាជធានី បានចាកចេញពី ក្នុងភូមិសាស្ត្រខណ្ឌ ឫស្សីកែវ ចំនួនពីរ និងក្នុងខណ្ឌព្រែកព្នៅ ចំនួនបី ទៅកាន់តំបន់ គន្លងដាយ តាមដងទន្លេសាប ទល់មុខវត្តក្រួស ម្តុំ ជ្រៃអណ្តែត ស្រុកពញាឮ ខេត្តកណ្តាល តែត្រូវបានអាជ្ញាធរ នៅទីនោះ ដេញមិនឱ្យឈប់ ហើយប្រាប់ថា មកពីកន្លែងណា ទៅកន្លែងនឹងវិញ។
លោកបានបញ្ជាក់ទៀតថាៈ លោកបានចាកចេញពីកន្លែង ជិតគន្លងដាយជួរ លេខ៥(ម្តុំគីឡួម៉ែត្រលេខ៩) បានទៅដល់គោលដៅថ្មី នៅម៉ោងប្រមាណជា ១១ ថ្ងៃត្រង់ ហើយត្រូវបាននគរបាល នៅស្រុកពញាឮ ដេញមិនឱ្យឈប់ ក៏ត្រឡប់ មកដល់ គោលដៅដើមវិញ នាម៉ោងជិត ៧ យប់ថ្ងៃដដែល ពេលនេះ គឺនៅកន្លែង ដដែល រង់ចាំការសម្រេចចុងក្រោយរបស់អាជ្ញាធរ៕