យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១អោយដឹងថា នាថ្ងៃអង្គារនេះ ក្រុមសង្រ្គោះនៅប្រទេសប៉ាគីស្ថាន បានបន្តធ្វើការរុករក នៅកន្លែងរថភ្លើងពីរខ្សែបុកគ្នា កាលពីថ្ងៃចន្ទម្សិលមិញ ខណៈតួលេខអ្នកស្លាប់កើនដល់ ៦៣នាក់។
បើគិតត្រឹមរសៀលថ្ងៃអង្គារនេះ សាកសពមនុស្សយ៉ាងហោច ចំនួន៦៣នាក់ត្រូវបានរកឃើញ ក្រោយ គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង នៅពេលដែលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន មួយខ្សែ បានបុករថភ្លើងអ្នកដំណើរមួយខ្សែផ្សេងទៀត ដែលក្រឡាច់ចេញពីផ្លូវរបស់ខ្លួន នៅក្បែរ ទីក្រុង ដាហាគី (Daharki) ក្នុងខេត្ត ស៊ីនដ៍ (Sindh) របស់ប៉ាគីស្ថាន។
សូមបញ្ជាក់ជូនថា រថភ្លើងរបស់ក្រុមហ៊ុន មីលឡេត អិចប្រែស (Millat Express) ដែលមានគោល ដៅធ្វើដំណើរពីទីក្រុង ការ៉ាជី (Karachi) ឆ្ពោះទៅកាន់ទីក្រុង សាហ្គោដា (Sargodha) បានក្រឡាច់ ចេញពីផ្លូវ ហើយកំណាត់ទូរបស់វា បានខ្ទាតរាយប៉ាយទៅលើផ្លូវជាប់នោះ។ ប៉ុន្មាននាទីក្រោយមក រថភ្លើងរបស់ក្រុមហ៊ុន សាយីដ អិចប្រែស (Syed Express) ដែលមកពីទីក្រុង រ៉ាវ៉ាល់ភីនឌី (Rawalpindi) ក៏បានមកដល់កន្លែងកើតហេតុ ក្នុងទិសដៅផ្ទុយគ្នា ហើយបុកកំណាត់ទូររថភ្លើង ទាំងនោះពេញទំហឹង។ បើតាមអាជ្ញាធរប៉ាគីស្ថាន មនុស្សសរុប ១,២០០នាក់ បានធ្វើដំណើរនៅលើ រថភ្លើងទាំងពីរខ្សែ៕