នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានឱ្យដឹងថា ប្រទេសកម្ពុជាយើង មានវត្តមានសត្វក្ងោកចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមាននៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្ត មណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។
ខណៈដែរសត្វក្ងោកបៃតង ដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មាន ចំនួនកើនឡើងនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីរួមនឹងដែនជម្រកសត្វព្រៃ ផ្សេងទៀត នៅតំបន់ភាគខាងកើតទន្លេមេគង្គ ក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វ ក្ងោកនេះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការ ថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោក ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោក ដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្ពុជាមានសត្វក្ងោកចន្លោះពី២,០០០ ទៅ ៣,០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តំបន់ភូមិភាគ ខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។
ដែនជម្រកសត្វព្រៃកែវសីមា មានចំនួន ៩៦៦ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាង មាន ប្រមាណ ៥៧០ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្ត មណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។
ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយ តំបន់ៗអាចមានចន្លោះពី៥០ ទៅ១០០ក្បាល»។
ជុំវិញវត្តមានសត្វក្ងោកនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វក្ងោកមានរោម ពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយ ប្រហែល ២ម៉ែត្រ។
ចំណីរអាហាររបស់ក្ងោកមានដូចជា ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ វាអាចមានអាយុចាប់ពី ២០ឆ្នាំ ទៅ២៥ឆ្នាំ និងទំងន់ចាប់ពី៤ ដល់ ៥គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅ តាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ សត្វក្ងោកតែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិត ជាអាហារ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «សត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការ បរបាញ់ និងការដាក់អន្ទាក់ដើម្បីយកស្លាប និងសាច់របស់វា។ ដើម្បីថែរក្សាប្រភេទពូជសាត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតី ស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ ប្រភេទសត្វកម្រទាំងនេះ។ ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់»។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូដែលបានរួមសហ ការគ្នា ការការពារ និងអភិរក្សសត្វព្រៃ និងអរគុណដៃគូនានា ដែលបានទិញឥណទានកាបូន ពីដែនជម្រក សត្វព្រៃកែវសីមា ដែលបានចូលរួមរការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែន ជម្រកសត្វព្រៃកែវសីមា មានភាពកាន់តែល្អប្រសើរ៕