យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសម៉ុងហ្គោលី បានរាយការណ៍ឱ្យដឹងថា ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសម៉ុងហ្គោលីរយៈពេល០៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ ដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងខិត ជិតមកដល់នាពេលខាងមុខនេះ។
នឹងមានការហាមឃាត់រយៈពេល ៧២ម៉ោងពេញលើការលក់ គ្រឿងស្រវឹងគ្រប់ប្រភេទ ដោយចាប់ផ្ដើមពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅរដ្ឋធានី អ៊ូឡង់បាទ័រ (Ulan Bator) ដែលមានប្រជាជនរស់នៅប្រមាណជាងពាក់កណ្តាល នៃប្រជាជន សរុបរបស់ប្រទេសម៉ុងហ្គោលីចំនួន ៣.៣លាននាក់ រួមទាំងនៅខេត្តទាំង២១ របស់ម៉ុងហ្គោលី ផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ុងហ្គោលី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ នេះ ដោយមានបេក្ខជនចំនួន ០៣នាក់ ឈរឈ្មោះចូលរួមការប្រកួតប្រជែង គឺលោក អ៊ូខាណា ឃូរែលស៊ូក (Ukhnaa Khurelsukh) ជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី ដែលកំពុងកាន់ អំណាច លោក សូដណុមហ្សាន់ឌុយ អឺដិន (Sodnomzundui Erdene) ជាអតីតប្រធានគណបក្ស ប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅប្រទេសម៉ុងកហ្គោលី និងលោក ដាងហ្គាអា សួរែន អ៊ែងខាបាត (Dangaasuren Enkhbat) ជាអតីតសមាជិកសភា៕