នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដោយមានការចូលរួមពីលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធី ប្រគល់-ទទួល ថេបប្លេត និងសម្ភារបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥ខេត្ត។
ខេត្តទាំង៥ នោះរួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មាន ទឹកចិត្តគិតគូរទៅដល់ក្រុមគ្រូពេទ្យរបស់យើង មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការ នានា សម្រាប់ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ទេ ក៏ប៉ុន្តែសម្តេចតែងបានគិតអំពីសុខទុក្ខ របស់គ្រូពេទ្យ។
លោកជំទាវបានថ្លែងអោយដឹងទៀតថា «សម្តេចតេជោក៏បានស្វែងយល់ ហើយក៏ បានយល់ពីផលលំបាករបស់ ក្រុមគ្រូពេទ្យរបស់យើង ដែលផ្តល់នូវការចាក់វ៉ាក់សាំងនេះ។ ដោយសារយើងមានតម្រូវការនៃការចាក់ច្រើន បងប្អូនប្រជាពលរដ្ឋច្រើន បើនិយាយដោយឡែក បច្ចុប្បន្ននេះ យើងកំពុងចាក់ស្រោចនៅរាជធានីភ្នំពេញ តាមការសម្រេចរបស់សម្តេចតេជោនាយក រដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗយើងបានបាន៤ ទៅ៥ម៉ឺននាក់ លើសពីផែនការកំណត់របស់យើងទៀត»។
លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្តទាំង៥ ដែលទទួលបានសម្ភារនៅពេលនេះ គឺយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីបម្រើនូវកិច្ចការងារផ្សេង និងដាក់បញ្ចូលនៅក្នុងបញ្ជីសារពើភ័ណ្ឌ ឱ្យបានត្រឹមត្រូវផងដែរ៕