តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១បាននិយាយថា តម្លៃត្រូវបានគេដឹងច្បាស់ហើយ សម្រាប់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ដោយអ្នកដែលទៅទទួលការចាក់សម្រាប់ពីរដូសពេញ នៅ តាមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃ នឹងត្រូវចំណាយប្រាក់ប្រមាណ ៣,៨០០បាត ឬស្មើនឹង ១២១.៧៩ដុល្លារអាមេរិក។
បើតាមសារព័ត៌មានដដែលខាងលើនេះ តម្លៃ ៣,៨០០បាតខាងលើនេះ គឺបូករួមទាំងវ៉ាក់សាំងពីរ ដូស, សេវាចាក់នៅមន្ទីរពេទ្យ និងការធានារ៉ាប់រង។ វ៉ាក់សាំង Moderna នឹងត្រូវនាំចូលមកកាន់ ប្រទេសថៃ តាមរយៈក្រុមហ៊ុនរដ្ឋ GPO នៅអំឡុងខែតុលា ឆ្នាំ២០២១ ហើយសម្រាប់តម្លៃរបស់វា នឹងត្រូវរក្សាឲ្យដូចគ្នា នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលផ្តល់សេវាចាក់ជូនប្រជាជន។
សម្រាប់ សមាគមមន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង Moderna ពីក្រុម ហ៊ុនរដ្ឋថៃ GPO ប្រមាណ ១០លានដូស ហើយបើតាមព័ត៌មានបន្ថែម វ៉ាក់សាំង Moderna ដែលនឹងមកដល់លើកដំបូង គឺនៅក្នុងអំឡុងខែតុលាខាងមុខនេះ ដោយមានចំនួន ០៤លានដូស ខណៈ ០១លានដូសទៀតនឹងមកដល់ នៅអំឡុងដើមឆ្នាំ២០២២ និង ០៥លានដូសចុងក្រោយ នឹងមកដល់នៅចុងឆ្នាំដដែល៕