សមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបុរសម្នាក់ ករណីប្រើកាំបិតប៉័ងតោ កាប់អ្នកដទៃ បណ្តាលឲ្យរបួស កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
អធិការរង ទទួលផែនព្រហ្មទណ្ឌ នគរបាលខណ្ឌច្បារអំពៅ លោក គាន់ ឌីណា បានឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ ពៅ ចំរើន ហៅខ្លី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ជនសង្ស័យ ប្រើប្រាស់ គ្រឿង ញៀន)។ ចំណែក ជនរងគ្រោះ ឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
លោកអធិការរង បានឱ្យដឹងទៀតថាៈ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេក នៅចំណុច កើតហេតុ ស្រាប់តែជនសង្ស័យ ដើរមកដល់ ក៏យកកាំបិត ប៉័ងតោ គោះតុខ្លាំងៗ នៅកន្លែង ជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធ អញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ ហើយក៏មានទំនាស់ ពាក្យសម្តីគ្នា រួចជនសង្ស័យ ក៏យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះ ចំក្បាល បែកចេញឈាម។
ក្នុងពេលកើតហេតុនោះ ក៏មានប្រជាពលរដ្ឋ នៅក្បែរនោះ បានទូរស័ព្ទរាយការណ៍ ប្រាប់ទៅ សមត្ថកិច្ច ចុះទៅឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាងកាំបិតប៉័ងតោ១ បញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ នាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ច្បារអំពៅ។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី៕