នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន គ្រាទទួល វ៉ាក់សាំង១លានដូស ដែលទើបដឹក មកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ មិថុនា លោកជំទាវ បានថ្លែងយ៉ាងដូច្នេះថា «បើសិនមិន មានការប្រែប្រួលទេ ថ្ងៃទី១២ ខែមិថុនា យើងនឹងទទួល វ៉ាក់ សាំងដែលកម្ពុជាបញ្ជាទិញ ១លាន ដូសពីក្រុមហ៊ុនស៉ីណូហ្វាម ហើយនៅថ្ងៃទី១៩ ខែមិថុនា យើងទទួល១លានដូសទៀត ដែល យើង បញ្ជាទិញដែរ ពីក្រុមហ៊ុនស៉ីណូវ៉ាក់»។
មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដដែល ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានបញ្ជាទិញរួច ហើយ នូវវ៉ាក់សាំងចំនួន៤លានដូសផ្សេងទៀត ពីក្រុមហ៊ុនស៉ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុម ហ៊ុនស៉ីណូ ហ្វាម ចំនួន៤លានដូសដូចគ្នាផងដែរ។
ប៉ុន្ដែមកទល់ពេលនេះ គិតត្រឹមខែមិថុនា កម្ពុជា ទើបទទួល បាន១លានដូសនៅឡើយ ដូច្នេះនៅសល់ក្នុងកិច្ចសន្យា ចំនួន៣លានដូសបន្ថែមទៀត នៅក្រុមហ៊ុន ស៉ីណូហ្វាម និងស៉ីណូវ៉ាក់ ៣លានដូសដូចគ្នា។
លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាយើងអាចបញ្ជាទិញវ៉ាក់សាំងការពារជំងឺ កូវីដ១៩ ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែ ធាតុពិតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរ លិខិតផ្លូវការ ទៅរដ្ឋាភិបាលចិន ដើម្បីជួយសម្រួលក្នុងផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ។
ពាក់ព័ន្ធជាមួយវ៉ាក់សាំងដែលទើបមកដល់ នឹងត្រៀមមកដល់នៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា នឹងសម្រុកចាក់ជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ដែលក្នុងផែនការរបស់គណៈកម្មការចំពោះកិច្ច នឹងចាក់ឲ្យអស់នៅក្នុងអំឡុងចុងខែ មិថុនាខាងមុខនេះ ទើបបន្ដទៅខេត្តកណ្ដាល និងទីប្រជុំជនមួយចំនួនទៀត។
លោកជំទាវ បានបន្ដទៀតថា ក្នុងផែនការរបស់រាជរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩នេះ នឹងពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់ ពិសេសខេត្ត ដែលមានរោងចក្រច្រើន។
ចំពោះវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយ ជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩៕