នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មី ប្រចាំ កម្ពុជា ចូលជួបធ្វើ សវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើដល់ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឆែកថ្មីប្រចាំកម្ពុជា ជួយជំរុញការ ផ្លាស់ប្តូរពាណិជ្ជកម្ម និង ការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្ត ប្រជាជន ឆែក មកទស្សនានៅ កម្ពុជាបន្ថែមទៀត ជាពិសេសក្រោយពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
ក្នុងឱកាសនោះ លោក Martin Vávra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ ណាស់មកហើយ ជាពិសេសកិច្ច សហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលកាល ពីខែធ្នូ ឆ្នាំ២០១៧ លោក Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារដ្ឋឆែក បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជា។
លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកនៅកម្ពុជា លោក នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបន្ថែមទៀតជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញ ទៅមក ជាពិសេសជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។
ជាមួយគ្នានោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានរំលឹកឡើងថា ប្រទេសទាំងពីរបាន បង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរ មានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំនេះគឺជា ខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។
ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តីបានប្រសិទ្ធ ពរជូនថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋឆែក សូមបន្តទទួលបាន នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខ្លាំងក្លាប្រកប ដោយវឌ្ឍនភាព វិបុលភាព និងសូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរ កាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង៕