ក្រសួងអប់រំ យុវជន និងកីឡា និង សហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) បានសហការ គ្នា ដាក់ដំណើរការ កម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ តទៅ។
បើតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាៈ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ដែលបានប្រសូតចេញ ពីគំនិតផ្តួចផ្តើម និងកិច្ចសហការ រវាងស្ថាប័នទាំងពីរនេះ ផ្តល់ការគាំទ្រ ដល់ដំណើរការអប់រំ តាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្ស នៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា ទៅតាមពេលវេលា និងទីកន្លែងដែលសម ប្រកប។
លើសពីនេះ សិស្សានុសិស្ស អាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀន ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ កម្រងសៀវភៅសិក្សា ចាំបាច់ សម្រាប់កម្មវិធី សិក្សា ចំណេះទូទៅ និងលំហាត់សាកល្បង សមត្ថភាព រួមជាមួយមុខងារល្អៗ ជាច្រើនទៀត។
ក្រសួងអប់រំ បានឱ្យដឹងទៀតថាៈ ចំពោះមាតិកាឌីជីថល ដែលមានដាក់បង្ហាញ ក្នុងកម្មវិធីនេះ បាន កើតចេញ ពីការខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារ បច្ចេក ទេស ជាមួយពេលវេលា និងធនធាន នៃលទ្ធភាព ដែលកំពុងមាន។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក៏បានបញ្ជាក់បន្ថែមថាៈ ដើម្បីទទួលបាន និងអាចប្រើ ប្រាស់ កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសាធារណជន ត្រូវទាញយកកម្មវិធីនេះ ដោយចូលទៅកាន់ PlayStore សម្រាប់ទូរស័ព្ទដំណើរការ ដោយប្រព័ន្ធ Andriod ឬ AppStore សម្រាប់ទូរស័ព្ទ ដំណើរការដោយប្រព័ន្ធ iOS និង App Gallery ហើយវាយពាក្យថា «MoEYS» រួចទាញយក បន្ទាប់មក ចុះឈ្មោះចូលប្រើប្រាស់កម្មវិធី តាមការណែនាំ ដែលមានក្នុងកម្មវិធី៕