លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចបន្តឃុំខ្លួន ក្នុងសំណុំរឿងស្នើសុំនៅក្រៅឃុំ

បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះបន្ត ដោយមាន ការចូល រួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ជាដើម។

នៅប្រមាណម៉ោង១១ព្រឹកនេះ បន្ទាប់ពីសវនាការបានបញ្ចប់ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាសម្រេចថា មិនអនុញ្ញាតឲ្យជនត្រូវចោទ រ៉ុង ឈុន បាននៅក្រៅឃុំនោះទេ ដោយចៅក្រម បញ្ជាក់ប្រាប់អង្គសវនាការថាតុលាការចាំបាច់នៅបន្តចំណាត់ការនីតិវិធីចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយដើម្បីឲ្យរឿងក្តីនេះឆាប់បញ្ចប់ ជនត្រូវចោទត្រូវនៅក្នុងឃុំដដែល។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីលោកបានថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុខេត្តត្បូងឃ្មុំ។

លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ ញុះ ញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នៅដែរ យ៉ាងតិចសកម្មជន ជាង១០ នាក់ ក៏ត្រូវ បានចាប់ ឃុំខ្លួន ខណៈពួកគេ នាំគ្នាតវ៉ាករណី ចាប់ ខ្លួន អ្នករិះគន់ បញ្ហាព្រំដែនរូបនេះ៕