កាលពីថ្ងៃចន្ទទី៧មិថុនា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនិងឥណ្ឌូណេស៊ី បានទទូចដល់សមភាគីក្នុងតំបន់របស់ខ្លួនឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈ និង តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលជម្លោះនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីលោកវីវៀន បាឡាក់គ្រីសណាន់បានសម្តែងការសោកស្តាយចំពោះការវិវឌ្ឍយឺត យ៉ាវក្នុងការដោះស្រាយវិបត្តិនេះ ដែលក្នុងនោះមនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ដោយកង កម្លាំងសន្តិសុខក្នុងការតវ៉ា។ហើយលោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “និយាយប្រាប់អ្នកតាមត្រង់ទៅចុះ យើងមានការខកចិត្តចំពោះការវិវឌ្ឍដ៏យឺតយ៉ាវបំផុតនេះ”។
លោកបានបន្ថែមទៀតថា “គួរឱ្យសោកស្តាយ យើងដឹងថានៅតែមានជនស៊ីវិលត្រូវគេធ្វើទុក្ខទោសឬត្រូវបានសម្លាប់ ហើយមិនមានការដោះលែងអ្នកជាប់ឃុំនយោបាយទេ។មិនមានសញ្ញាពិតប្រាកដនៃការពិភាក្សានិងការចរចានយោបាយប្រកបដោយអត្ថន័យទេ”។ បើទោះបីមានការរីកចម្រើនយឺតយ៉ាវក៏ដោយ ក៏លោកនៅតែនិយាយថា “សូមកុំបោះបង់ចោលក្តីសង្ឃឹម”។
ចំណែកឯសមភាគីឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី ក៏បានអំពាវនាវឱ្យអនុវត្តជាបន្ទាន់នូវការមូលមតិគ្នា ៥ចំណុចដែលបានឯកភាពដោយមេដឹកនាំអាស៊ាននៅឯកិច្ចប្រជុំកំពូលពិសេសមួយនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូ នេស៊ីកាលពីថ្ងៃទី ២៤ ខែមេសា ដែលមានការចូលរួមពីសំណាក់មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងហ្លាំង។
លោកស្រីរ៉េតណូបានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងឆុងឈីងថា”សុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាជនមីយ៉ាន់ម៉ានិងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញត្រូវតែជាអាទិភាពកំពូលរបស់យើង”៕