កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ម្សិលម៉ិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យលោក ផាទ្រិក មូផៃ(Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡា ហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារថា រយ:ពេលកន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិ សុខប៉ះពាល់សណ្ដាប់សាធារណៈដែលសកម្មភាពទាំងនោះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមាន វិធាន ការសមស្របទៅតាមច្បាប់។
ក្នុងកិច្ចសន្ទនានោះដែរលោក ឯកអគ្គរដ្ឋទូតអាម៉េរិកបង្ហាញនូវកង្វល់អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន និង អំពាវនាវឱ្យមានការដោះលែងសកម្មជនបរិស្ថាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី៨ខែមិថុនា នេះថា ក្នុងសវនាការខាងលើនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះនឹងបន្តពង្រឹងពង្រីកនូវ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។សម្ដេចក៏បានថ្លែងអំណរគុណតាមរយៈឯកអគ្គរដ្ឋទូតជូនចំពោះរដ្ឋាភិបាលអាម៉េរិកដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។
នៅលើវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និង លោកទូតអាម៉េរិកសុទ្ធតែបានវាយ តម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហ ប្រជា ជាតិ(អ.ស.ប)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ចំពោះការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អ.ស.ប នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រទេសកម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួបនូវកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការអនុវត្តនូវសេចក្ដីសម្រេច ចិត្តរបស់អង្គការសហប្រជាតិទៅលើកិច្ចការនានា ជាពិសេសពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធវិស័យបរិស្ថានលោកទូតអាម៉េរិកបានជម្រាបជូនសម្ដេចក្រឡាហោមសខេងថាបច្ចុប្បន្នមានគម្រោងមួយចំនួនពាក់ព័ន្ធនឹងការងារបរិស្ថានកំពុង ដំណើរការនៅកម្ពុជាក្រោមការជួយគាំទ្ររបស់សហរដ្ឋអាម៉េរិកហើយលោកចង់ឃើញវឌ្ឍនភាពបន្តរីកចម្រើនលើការងារទាំងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាននេះ។
សម្ដេចក្រឡាហោម តបទៅវិញដោយបានបញ្ជាក់ថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀតសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនៅក្នុងវិស័យបរិស្ថាននេះរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូ និងផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាន។
សម្ដេចផ្ទាល់តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហ ប្រតិបត្តិ ការ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបំរើផលប្រយោជន៍រួម។សម្ដេចក្រឡាហោមបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក៕