យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា WHO នៅថ្ងៃចន្ទក្នុងសប្ដាហ៍នេះ បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់ សាំងបង្ការជំងឺ COVID-19 នានាទូទាំងពិភពលោក ផ្ដល់នូវវ៉ាក់សាំងប្រមាណ ៥០% របស់ខ្លួនជូន ដល់ កម្មវិធីចែកចាយវ៉ាក់ សាំងអន្តរជាតិ COVAX។
លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភព លោក (WHO) បានលើកឡើងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា គួរតែបង្វែរការយកចិត្ត ទុកដាក់ របស់ខ្លួន ទៅលើកម្មវិធី COVAX ដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវការបរិច្ចាគវ៉ាក់សាំង ជាច្រើនដូស ជូនដល់បណ្ដាប្រទេសក្រីក្រ។
លោក Tedros ក៏បានសម្តែងការខកចិត្តរបស់លោកដែលថា ប្រទេសក្រីក្រជាច្រើនមិនអាចសូម្បីតែ ផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមបុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ និងក្រុមប្រជាជន ដទៃ ទៀតរបស់ពួកគេ ដែលងាយរងគ្រោះបំផុតដោយជំងឺ COVID-19 ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសអ្នកមានមួយចំនួនបាន និងកំពុងទិញវ៉ាក់សាំងជាច្រើនដូស ហើយកំពុងត្រៀមរៀបចំ ដើម្បីចាប់ផ្តើមផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមកុមាររបស់ពួកគេហើយ។
លោក Tedros បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសកល ដើម្បីផ្ដល់ការចាក់វ៉ាក់សាំង ឱ្យបានយ៉ាងហោចណាស់ ១០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេសនីមួយៗនៅ ត្រឹមខែ កញ្ញា ហើយយ៉ាងហោចណាស់ ៣០ភាគរយនៅត្រឹមចុងឆ្នាំ២០២១នេះ៕