ប្រមុខក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចូលជួបពិភាក្សាការងារ បន្ទាប់ពីឯកភាពឱ្យចុះពិនិត្យកំពង់ផែរាម

បន្ទាប់ពីកម្ពុជាបានយល់ព្រមតាមសំណើអាមេរិក ដែលនឹងអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះ ពិនិត្យមើលកំពង់ផែរាម នៅពេលខាងមុខនេះ ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាអាមេរិកដែលបានផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មីចូលជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រោយជំនួបនេះ សម្តេចពិជ័យសេនា បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនកន្លងមក។ សម្តេចបានសរសើរអាមេរិកដែលជួយបណ្តុះបណ្តាលធនធានមនុស្សនៃកងទ័ពកម្ពុជា ព្រមទាំងបាន ស្នើសុំឲ្យអនុព័ន្ធយោធាអាមេរិកបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក ដែលបាន ខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរមិនបានកំណត់ពេលវេលាជាក់លាក់ ដែល នឹងចុះទៅកាន់តំបន់រាមនៅឡើយទេ។

នារយ:ពេលកន្លងទៅនេះ សារព័ត៌មានមួយចំនួនរបស់សហអាមេរិក បន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជា បានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបាន បំភ្លឺម្តង ហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏ មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។

ពាក់ព័ន្ធករណីកំពង់ផែរាមនេះដែរ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជា គ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមាន លក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហា អំណាចដទៃទេ។

សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថាពេលនេះកំពង់ផែរាមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ហើយបន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបាន ប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ៕