តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ប្រទេសហ្វីលីពីនកំពុងតែបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយបូកបន្ថែមនូវក្រុមអ្នកមានអាទិភាពទទួលបានការចាក់សាំង ដូចជាបុគ្គលិកដឹកជញ្ជូន សា ធារណៈជាដើម ដែលកំពុងធ្វើការនៅខាងក្រៅផ្ទះរបស់ពួកគេ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងដើម្បីបើកចំហសេដ្ឋកិច្ចរបស់ខ្លួន ឡើង វិញ។
លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ថា អ្នក ដែលមានសិទ្ធិចូលរួមក្នុងដំណាក់កាលថ្មីនេះ ដែលរាប់បញ្ចូលទាំងកម្មករនៅក្នុងវិស័យក្រៅផ្លូវការ នឹងអាចចុះឈ្មោះចាប់ពីថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយប្រទេសនេះ រំពឹងថា នឹងមានវ៉ាក់សាំងបន្ថែមទៀត ដែលនឹងមកដល់នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៩លានដូសហើយ ដែលភាគច្រើនជាវ៉ាក់សាំងរបស់ ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) ប៉ុន្តែប្រទេសមួយនេះ មានគោលដៅផ្ដល់ការចាក់វ៉ាក់សាំង ជូន ដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៧០លាននាក់នៅក្នុងឆ្នាំ២០២១នេះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់៕