យោងទៅលើស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ អភិបាលខេត្តពោធិ៍សាត់ បានសម្រេចជ្រើសរើសសំណុំរឿង ចំនួន០៧ករណី ដែលជាករណីចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យកមកធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត។
កិច្ចដំណោះស្រាយខាងលើនេះ ត្រូវបានអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដោយបានការចូលរួមពី លោកស្រី ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត លោក ស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលមានការពាក់ ព័ន្ធផ្សេង ទៀត។
បើតាមលោក អ៊ុង ថុនា នាយករងរដ្ឋបាលសាលាខេត្ត និងជាលេខាទទួលគ្រប់គ្រងពាក្យបណ្តឹងពីប្រជាពលរដ្ឋ បានឱ្យដឹងថា បើទោះបីស្ថិតក្នុងស្ថានភាពកូវីដក៏ពិតមែន តែ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិត ខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមពួកគាត់ ជាក់ស្តែងនាព្រឹក នេះ បានចំនួន០៧ករណី ដែលកិច្ចការនេះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកនាយករងរដ្ឋបាល បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់ រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។
លោក បន្ថែមថា ជានិច្ចជាកាលលោកអភិបាលខេត្តតែងតែប្រើប្រាស់ឋានានុក្រម២ គឺ:
ទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែ បងប្អូន ប្រជា ពលរដ្ឋទៅលើផ្លូវច្បាប់ និងទី
២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជា ពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។
ប្រជាពលរដ្ឋ ក៏ដូចជាដូនចាស់ៗ បានបង្ហាញអារម្មណ៍ និងក្តីរំភើបរីករាយក្រៃលែង នៅពេលទទួល បានដំណោះស្រាយសមស្រប និងស្បៀងអាហារ ពីលោកអភិបាលខេត្តពោធិ៍សាត់៕