បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សាយចោទប្រកាន់ថា ពលរដ្ឋកម្ពុជាមួយចំនួន ខ្លាចមិន ហ៊ានចាក់វ៉ាក់សាំងរបស់ចិនដែលអង្គការសុខាភិបាលពិភពលោកទើបទទួលស្គាល់កាលពីពេលថ្មីៗនេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសដទៃ រកតែវ៉ាក់សាំងបង្ការជំងឺកូវី ដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋមិនបានផង ប៉ុន្តែកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនពលរដ្ឋ។
លោកជំទាវ ឱ វណ្ណឌីន បានចាត់ទុកថា នេះជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំង ស្រុង។ លោកស្រីអះអាងថា៖ «ប្រជាជនកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រ ចិត្តច្រើនហួសការប៉ាន់ស្មានរបស់ គ.វ.ក-១៩ ទៅទៀត ។ វ៉ាក់សាំងដែលកម្ពុជា បាននិងកំពុងតែ ប្រើ ប្រាស់ចាក់ជូនបងប្អូនប្រជាពលរដ្ឋគឺសុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានការដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក»។
លោកជំទាវបានបណ្ជាក់បន្ថែមទៀតថា គ.វ.ក-១៩ នឹងបន្តយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ទៅតាម ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែ គិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅនិងយកចិត្តទុកដាក់ក្នុងការស្វះស្វែងរកវ៉ាក់សាំងមចាក់ជូនប្រជាពលរដ្ឋ។
លោកជំទាវបាន បញ្ជាក់ដូច្នេះថា៖ «ប្រទេសគេ រកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជាមាន សម្តេចតេជោ គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនបងប្អូន បានជាង ពីរលានប្រាំសែននាក់រួចទៅហើយ ដែលមិនយូរមិនឆាប់ ចំនួនអ្នកចាក់វ៉ាក់សាំងនឹងកើនដល់ ៣លាន នាក់នៅកម្ពុជា»។
អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើនេះ បានបណ្ជាក់ថា៖ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ យុទ្ធនាការចាក់នឹងបន្តនៅខណ្ឌចំនួន៣ទៀត ដែលនៅសេសសល់ គឺខណ្ឌ ដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែល គ.វ.ក-១៩ បានរំពឹងទុកថា នឹងអាចចាក់ អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ ខែមិថុនានេះ ហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ៕