ក្រុមគូប្រជែង ISWAP បញ្ជាក់ថា មេដឹកនាំក្រុមបូកូហារ៉ាមលោក អាប៊ូបាកា សេគូ បានស្លាប់ហើយ

យោងតាមអាត់សំឡេងដែលទីភ្នាក់ងារសារព័ត៌មាន AFPទទួលបានពីក្រុមនេះកាលពីថ្ងៃអាទិត្យទី៦មិថុនា ពោលគឺពីរសប្តាហ៍បន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានស្លាប់គឺ លោក អាប៊ូបាកា សេគូ មេដឹកនាំរបស់ក្រុមបូកូហារ៉ាម បានធ្វើអត្តឃាតក្នុងការប្រយុទ្ធនឹងពួកជីហាដគូប្រជែងមកពីក្រុមរដ្ឋអ៊ីស្លាមនៃខេត្តអាហ្វ្រិកខាងលិច (ISWAP) ។

ខ្សែរអាត់សំឡេងដែលនិយាយជាភាសាកានូរី ស្រ ដៀងទៅនឹងសំឡេងរបស់មេដឹកនាំក្រុម ISWAP លោក អាប៊ូ មូសាប អាល់បាណាវី បាននិយាយថា”លោកសេគូ ចង់បាក់មុខនៅឋាននរកជាជាងបាក់មុខនៅលើផែនដី។ គាត់បានសម្លាប់ខ្លួនភ្លាមៗដោយការបំផ្ទុះគ្រាប់បែក”។ ខ្សែរអាត់សំឡេងនេះត្រូវបានផ្តល់ឱ្យ AFP ដោយប្រភពដដែល ដែលបានផ្ញើសារមុនៗពីក្រុម ISWAP។

ក្រុម ISWAP បានពិពណ៌នានៅក្នុងអាត់សំឡេងនោះពីរបៀបដែលខ្លួនបានបញ្ជូនអ្នកប្រយុទ្ធទៅជំរំលាក់ខ្លួនរបស់ក្រុមបូកូហារ៉ាមនៅក្នុងព្រៃសាមប៊ីសាដែលរកឃើញលោកសេកូកំពុងអង្គុយនៅក្នុងផ្ទះរបស់គាត់ ហើយក៏ផ្ទុះការប្រយុទ្ធគ្នាតែម្តង។អាត់សំឡេងនោះនិយាយថា “ពីទីនោះ គាត់បានដកថយហើយរត់គេចខ្លួនពាសពេញព្រៃអស់រយៈពេល ៥ ថ្ងៃ។

ទោះយ៉ាងណា ក្រុមអ្នកប្រយុទ្ធបានបន្តស្វែងរកនិងតាមប្រមាញ់គាត់មុនពេលពួកគេអាចរកឃើញទីតាំងរបស់គាត់”។អាត់សំឡេងបានបន្ថែមទៀតថា បន្ទាប់ពីរកឃើញគាត់នៅក្នុងព្រៃ អ្នកប្រយុទ្ធ ISWAPបានជំរុញគាត់និងកូនចៅគាត់ឱ្យចុះចាញ់ ប៉ុន្តែលោកសេកូបានបដិសេធហើយក៏បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន។អាត់សំឡេងបាននិយាយថា “យើងសប្បាយចិត្តណាស់” ដោយបន្ថែមថាលោកសេកូគឺជាមនុស្សម្នាក់ដែលបានប្រព្រឹត្តអំពើភេរវកម្មនិងអំពើឃោរឃៅដែលមិនអាចនឹកស្មានដល់៕