លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ថាៈ វ៉ាក់សាំង ៥០ ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន ។
លោកជំទាវ បានបញ្ជាក់ថាៈ ចំនួននេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង ៤,៥ លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ សំដៅទប់ស្កាត់ការរីករាលដាល និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩ ពិសេសនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថាៈ ” វ៉ាក់សាំង ៥០ ម៉ឺនដូសនេះ សម្រាប់ចាក់ជួន ប្រជាពលរដ្ឋ នៅខណ្ឌចំនួន ៣ ទៀត ដែលនៅសេសសល់ នៅរាជធានីភ្នំពេញ គឺ ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែលនឹងចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១០ មិថុនា ខាងមុខនេះ តទៅ ” ។
គិតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ទាំងជំនួយ និងបញ្ជាទិញពី ប្រទេសចិន ប្រមាណជាង ៦ លានដូសហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៤ លានដូស, វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១,៧ លានដូស និងវ៉ាក់សាំងកូវីសែល (អាស្ត្រាហ្សេនេកា) ដែលជាជំនួយពី អង្គការសុខភាពពិភពលោក ចំនួន ៣២៤.០០០ ដូស។
ចំនួនវ៉ាក់សាំងទាំងនេះ ត្រូវបានចាក់ជូន ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយមិនគិតថ្លៃ មានចំនួនជាង ២,៧៥ លាននាក់ហើយ បើគិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅពេល រាជរដ្ឋា ភិបាល បានដាក់ផែនការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ឱ្យបាន ១០ លាននាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ ខាងមុខ៕