ឯកឧត្តម បណ្ឌិត ថោង ខុន បានអោយដឹងថា ចុងសប្ដាហ៍ទីមួយនៃខែមិថុនា កម្ពុជាទទួលបាន ភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួល បានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តក្រចេះ៖ ១០,២២៥ នាក់
* ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់
* ខេត្តកំពត៖ ៩,២៩២ នាក់
* ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់
* ខេត្តសៀមរាប៖ ៦,៩៧៩ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។

ឯកឧត្តម បណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹង សប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។

រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំ អនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។

ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្តអោយដឹងទៀតថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេស ចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍ អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្ត ក្រចេះជាដើម។

ត្រង់ចំណុចនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា «បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន និង វីដេអូនៅលើបណ្ដាញព័ត៌មានក្នុងស្រុកមួយ អំពីការកោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះ ទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅ ទស្សនាច្រើននោះឡើយ រីឯកោះសាមសិបវិញក៏ទទួលបានភ្ញៀវទេសចរទៅទស្សនាកើនឡើងជាងមុន ដែរ»៕