ជាបញ្ហាបច្ចេកទេស ដែលមិនពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីសុវត្ថិភាពធំដុំ បានបង្ខំឱ្យយន្តហោះរបស់អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស វិលត្រឡប់ទៅកាន់មូលដ្ឋានរួមអេនឌ្រូនៅរដ្ឋម៉ារីលែន ប្រហែលជា ៣០ នាទីបន្ទាប់ពីលោកស្រីបានចាកចេញកាលពីថ្ងៃអាទិត្យទី៦មិថុនាក្នុងដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡានិងម៉ិកស៊ិក។យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយលោកស្រីបានលើកមេដៃនៅពេលលោកស្រីចុះពីយន្តហោះ។
លោកស្រីកាម៉ាឡា ហារីស បាននិយាយថា “ខ្ញុំសុខសប្បាយជាទេ។ ពួកយើងទាំងអស់គ្នាបានបន់ស្រន់បន្តិចបន្តួចដែរ ប៉ុន្តែពួកយើងមិនអីទេ”។
អនុប្រធានាធិបតីបានចេញដំណើរតាមយន្ដហោះមួយទៀតនៅប្រហែលមួយម៉ោងកន្លះក្រោយមក។បន្ទាប់ពីជួបរឿងហេតុនេះ អ្នកនាំពាក្យឈ្មោះ សាយម៉ូណេ សាន់ឌ័រ បានប្រាប់អ្នកយកព័ត៌មាន ដែលធ្វើដំណើរជាមួយលោកស្រីហារីស យ៉ាងដូច្នេះថា “វាជាបញ្ហាបច្ចេកទេស។ពុំមានការព្រួយបារម្ភអំពីសុវត្ថិភាពធំដុំទេ”៕