ក្រសួងបានដាក់បង្កប់ជញ្ជីងក្រោមដី និងដាក់កាមេរាចាប់សកម្មភាពរថយន្ត ដើម្បីដេញជើង មន្ត្រី និងអ្នកមិនចូលថ្លឹងរថយន្ត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមអនុវត្តវិធានការក្តៅនៅតាមស្ថានីយជញ្ជីង ថ្លឹងរថយន្ត ដើម្បីតាមដានរថយន្តចូលថ្លឹង ឬមិនចូល។ វិធានការថ្មីនេះ គឺក្រសួងបានបង្កប់ជញ្ជីង នៅក្រោមដីមុខស្ថានីយថ្លឹង ហើយបំពាក់កាមេរា ដែលអាចថតចាប់បញ្ជូនរាល់សកម្មភាព និងទិន្នន័យរបស់រថយន្តឆ្លងកាត់។

អំពើពុករលួយ ការឃុបឃិត ការអនុវត្តមិនតម្លាភាពរបស់មន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹង ជាមួយអ្នក ដឹកជញ្ជូនទំនិញ គឺជាដំបៅមហារីកមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែរង ការនិន្ទាពីប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។ កន្លងទៅឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានដក និងផ្លាស់ប្តូរមន្ត្រីស្ថានីយមួយ ចំនួនផងដែរក្នុងបំណងក្រើនរំលឹកពួកគេពង្រឹងស្មារតីអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ និងតម្លាភាព។

ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវឆាប់ ខូច។ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបោះមួយជំហានទៀត ដើម្បីរឹតបន្តឹង ការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងទប់ស្កាត់រថយន្តដឹកជញ្ជូនទំនិញមិនចូលថ្លឹង ទម្ងន់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលនេះលោកបានសម្រេចដាក់ចេញ វិធាន ការថ្មីមួយទៀត ដើម្បីតាមដានការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត ដោយបានដាក់ បង្កប់ជញ្ជីងក្រោមដីមុនចូលដល់ស្ថានីយថ្លឹង ហើយបំពាក់កាមេរាជាច្រើនគ្រឿង ដើម្បីចាប់សកម្ម ភាពរថយន្តទាំងនោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំណែនាំមន្ត្រីឱ្យហើយណា អត់លេងសើច ទេណារឿងនេះ។ ធ្វើការនៅជញ្ជីងធ្វើឱ្យបានម៉ត់ចត់ យើងខ្ញុំមានប្រព័ន្ធតាមដានច្បាស់ណាស់ ប្រព័ន្ធកាមេរា ស្មាតកាមេរា (កាមេរាឆ្លាតវៃ) ឃើញទាំងអស់ម៉ោងប៉ុន្មានឡានចេញ ឡានចូល ល្បឿនប៉ុន្មានក៏ខ្ញុំដឹងដែរ ទម្ងន់ប៉ុន្មានក៏ដឹងដែរ»។

ឯកឧត្តម បន្ថែមថា «យើងខ្ញុំមានវិធានការច្រើនណាស់ យកបច្ចេកវិទ្យាទំនើបៗមកប្រើ ដើម្បីទប់ ស្កាត់មន្ត្រីខិលខូចមួយចំនួនតូច»។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ពេលនេះក្រសួងបានចាប់ផ្តើមអនុវត្ត សាក ល្បងនូវវិធានការនេះនៅស្ថានីយថ្លឹងរថយន្តព្រែកឯង។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី នៅមុន ពេលប្រើ វិធានការនេះ នៅស្ថានីយថ្លឹងរថយន្តព្រែកឯង មន្ត្រីរាយការណ៍មកលោកមានរថយន្តថ្លឹង ត្រឹមជាង ២០០គ្រឿងប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្រោយពេលដាក់មានរថយន្តចូលថ្លឹងរហូតដល់ ទៅ ជាង ១០០គ្រឿងក្នុងមួយថ្ងៃ។

ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា វិធានការនេះ នឹងត្រូវអនុវត្តនៅគ្រប់ស្ថានីយថ្លឹងរថយន្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់។បន្ថែមពីលើនោះវិធានការក៏ជា ការដាស់ស្មារតីឱ្យអ្នកដឹកជញ្ជូនភ្ញាក់រលឹកចូលរួមអនុវត្តច្បាប់ដឹកជញ្ជូនផងដែរ។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តវិធានការតឹងរឹងចំពោះ ការដឹក ជញ្ជូនលើសទម្ងន់កំណត់។ ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ក្រៅតែពីការផាកពិន័យតាមច្បាប់ ហើយនោះ សម្រាប់រថយន្តដឹកលើសទម្ងន់ពី ២០ភាគរយឡើងទៅ នឹងត្រូវឃាត់រថយន្តទុក រយៈ ពេលមួយឆ្នាំថែមទៀតផង៕