រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័កទីតាំង២កន្លែង នៅសង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ

តាមសេចក្ដីសម្រេចរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែល ទទួលបាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានអោយដឹងថារដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិតបញ្ចប់ជាមណ្ឌលចត្តាឡីស័កទីតាំង២កន្លែង នៅក្នុងមូល ដ្ឋានសង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

ទីតាំងដែលត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័កនោះរួមមាន៖
ទី១៖ ហាងអាហារសម្រន់ស៉ីញជាអ័ន មានទីតាំងស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២
និងទី២៖ ផ្ទះមានបន្ទប់ជួលរបស់លោក ឈួន សុភ័ក្រ្ដ មានទីតាំងស្ថិតនៅផ្លូវលេខ៨១៥ ក្រុមទី១ ភូមិ៥ សង្កាត់លេខ៤។

បើទោះបីជាបិតបញ្ចប់ជាមណ្ឌលចត្តាឡីស័កក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំ ឲ្យម្ចាស់ ទីតាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕