យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា នៅថ្ងៃសុក្រទី០៤ មិថុនានេះ ជប៉ុនបានប្រគល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន១.២៤លានដូស ឲ្យដល់ដៃតៃវ៉ាន់ ដោយឥតគិតថ្លៃ ខណៈដែន កោះនេះ កំពុងតែត្រូវការវា ជាចាំបាច់ ដើម្បីទប់ទល់ការឆ្លងរាតត្បាតក្នុងសហគមន៍។
ក្នុងពេលការប្រកាសពីការផ្តល់វ៉ាក់សាំងខាងលើនេះ កាលពីវេលាព្រឹកថ្ងៃសុក្រទី៤មិថុនា លោក តូស្ស៉ីមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) រដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងនូវភាពជាដៃ គូដ៏សំខាន់ និងចំណងមិត្តភាពរវាងជប៉ុន និងកោះតៃវ៉ាន់ ហើយបានរំលឹកឡើងវិញ នូវគ្រាដែលជប៉ុ នរងគ្រោះមហន្តរាយរញ្ជួយដី-ស៊ូណាមិញយ៉ាងអាក្រក់ កាលពី១០ឆ្នាំមុនផងដែរ ដែលពេលនោះ តៃវ៉ាន់ចេញមុខចូលរួមជួយជប៉ុនភ្លាមៗ។
វ៉ាក់សាំងដែលជប៉ុនបរិច្ចាគ បានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងតៃប៉ិ នាវេលា រសៀលថ្ងៃដដែល ហើយរដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក ឆិន ស្ស៉ីឈុង (Chen Shih-chung) បានសម្តែងការត្រេកអរ និងអរគុណជាខ្លាំង ខណៈវ៉ាក់សាំងទាំងនេះ បានមកដល់ចំពេលដែល តៃវ៉ាន់កំពុងតទល់ជាមួយការរាតត្បាតនៃ COVID-19។
បើតាមលោក ឆិន ករណីឆ្លងថ្មីៗ ៤៧២ នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់មាន ប្រជាជនសរុបចំនួន ជាង២៣លាននាក់៕