តាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រនេះ បានប្រគល់វ៉ាក់សាំងចំនួន ១.៨លានដូស ឲ្យទៅក្រសួងសុខាភិបាលថៃ ខណៈពួកវាជាវ៉ាក់សាំងដែលត្រូវបានផលិត នៅក្នុងប្រទេស ថៃផ្ទាល់។
នាយកក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ បាននិយាយថា ការប្រគល់វ៉ាក់សាំង ជិត២លានដូសខាងលើ គឺជាការចាប់ផ្តើមបោះជំហានឆ្ពោះទៅរក ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដោយនិរន្តរភាព នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយក្រុមហ៊ុននឹងអាចផ្តល់វ៉ាក់សាំង តាមពេល វេលាកំណត់ឲ្យរដ្ឋាភិបាលថៃ ព្រមទាំងចាប់ផ្តើមការនាំចេញទៅកាន់ បណ្តាប្រទេសដទៃទៀតនៃ សមាជិកអាស៊ាន នៅខែកក្កដាខាងមុខ។
សូមបញ្ជាក់ថា បើតាម AstraZeneca វ៉ាក់សាំងរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុន Siam Bioscience គឺស្របទាំងស្រុងទៅតាមស្តង់ដាគុណភាព ដូចដែល បានផ្ទៀងផ្ទាត់តាមរយៈការ ធ្វើតេស្តនៅមន្ទីរពិសោធន៍ ក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងក្នុងប្រទេសថៃផ្ទាល់៕