កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបាន ចំណាយថវិកា ៣២២លានដុល្លារ អាមេរិក

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទទួលបាននៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១នេះបានអោយដឹងថា ចាប់តាំងពីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពី ថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ការអនុវត្តកម្មវិធីឧបត្ថម្ភជា សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រដ្ឋាភិបាល កម្ពុជា បានចំណាយថវិកាអស់ជាង៣២២លានដុល្លារ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអញ្ជើញ ដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូល រួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ គាំពារសង្គម ដែលជារដ្ឋមន្រ្តី, រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ រួមមាន៖
១៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន «អនុក្រឹត្យស្តីពី ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន» រៀបចំ និងស្នើឡើងដោយ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គមជាសេនាធិការ ត្រូវបានរៀបចំឡើង ដើម្បី បង្កើតបាននូវបទដ្នានគតិយុត្តគ្រប់គ្រាន់ ក្នុងការឈានទៅដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែក ប្រាក់សោធន ដោយអនុលោមតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលចូលជាធរមានកាលពីថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិភាក្សា ដោយផ្លាស់ប្តូរយោបល់ ទាំងក្នុងទិដ្ឋភាពគោល នយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាទិដ្ឋភាពបច្ចេកទេស លើការកំណត់កម្រិតប្រាក់បៀវត្ស ឬប្រាក់ ឈ្នូលដែលត្រូវជាប់ភាគទាន សម្រាប់របបសន្តិសុខសង្គម ទាំងសម្រាប់ផ្នែកសោធន ផ្នែកថែទាំ សុខភាព និងផ្នែកហានិភ័យការងារ ដោយគិតគូរថ្លឹងថ្លែងនូវបន្ទុកនានា ដែលនិយោជិត និងនិយោជ កត្រូវបង់ និងអត្ថប្រយោជន៍ដែលកម្មករ-និយោជិត និងបុគ្គលក្នុងវិស័យសាធារណៈត្រូវទទួលបាន ជាការគាំពារក្រោមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចផ្តល់នូវធាតុចូលបន្ថែម ដើម្បីឲ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពពេញលេញ មុននឹងអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចយកសេចក្តីគោរពស្នើសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីដាក់ចេញឲ្យអនុវត្ត។

២៖ ការចាប់ផ្តើមដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដល់ដំណាច់ឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយតាមដាន និងពិនិត្យមើលស្ថានភាពជាក់ស្តែង នៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩នេះ យ៉ាងយកចិត្តទុកដាក់។

តាមស្ថានការនៃការបន្តប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ឥទ្ធិពលលើស្ថា នភាពសង្គម-សេដ្ឋកិច្ច នៃព្រិត្តិការណ៍ ២០ កុម្ភៈ ២០២១, កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពគោលនយោបាយ និងបានឯកភាពគ្នាថា ស្ថានភាពបច្ចុប្បន្ន នៅមិនទាន់មានភាពអំណោយផល សម្រាប់ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ នៅឡើយ។

ក្នុងន័យនេះ, កិច្ចប្រជុំបានសម្រេចថា នឹងស្នើសុំរាជ-រដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឲ្យ អនុវត្ត និងបន្តសិក្សា និងវាយតម្លៃស្ថានភាព នៃឥទ្ធិពលរបស់ ជំងឺកូវីដ-១៩ ជាប្រចាំ និងជាបន្ត បន្ទាប់។

នៅក្នុងកិច្ចប្រជុំ ក៏បានផ្តល់ការណែនាំដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកប្រាក់សោធននេះ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ មុននឹងដាក់ឲ្យអនុវត្ត ដើម្បីជា ការបង្កើនចំណេះដឹង ទាំងទៅលើគោលការណ៍ និងជាពិសេស ទៅលើអត្ថប្រយោជន៍ដែលជាការ ផ្តល់ការគាំពារដល់កម្មករ-នយោជិត ដោយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

៣៖ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ វឌ្ឍនភាពនៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលគិតចាប់ពីពេលដែលរាជរដ្ឋាភិបាល បាន ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ ឧបត្ថម្ភ មានចំនួន ៦៩៣ ៩៣៣ គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១ នាក់ (រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង, និង គ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍) បានទទួលការឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គម ពិសេសនេះ ដោយរាជរដ្ឋាភិបាល បានចំណាយថវិកា សរុបចំនួន ១ ២៩១ ២៤៣ ៨៥៦ ០០០ រៀល ស្មើនឹង ៣២២,៨១ លានដុល្លារអាមេរិក។

បើគិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវអនុវត្តបានរយៈពេល ពេញ១ឆ្នាំ និងទទួលបានលទ្ធ ផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាន និងកំពុងទទួលបានការគាំពារ និងទ្រ ទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។

«កម្មវិធី» នេះ ក៏ទទួលបានការសាទរផងដែរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។
ដើម្បីត្រៀមខ្លួនអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងជំហានបន្ទាប់ ដោយយោងតាមបិរបទ និង ស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩, អង្គប្រជុំ បានពិនិត្យ ពិភាក្សា និងផ្តល់ការ ណែនាំបន្ថែម លើការគិតគូរអំពីជំហានដែលត្រូវអនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកលើការរក្សា បាន នូវលំនឹងផ្នែកជីវភាព រស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងក្នុងអំឡុងពេលនៃការ រីករាលដាលនៃជំងឺកូវីដ-១៩ និងនៅពេលដែលស្ថានភាព មានភាពប្រសើរឡើង៕