ឯកឧត្តម ហ៊ុន ម៉ានី និងឯកអគ្គរដ្ឋទូតសិង្ហបុរី ផ្លាស់ប្តូរទស្សនៈ លើកិច្ចសហប្រតិបត្តិការ វិស័យអប់រំ និងទេសចរណ៍

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភាកម្ពុជា សមាជិករដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋ ទូតសិង្ហបុរី ប្រចាំនៅប្រទេសកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរគំនិតគ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួន ដែលក្នុងនោះ រួមមាន ទំនាក់ទំនងការទូត អប់រំ និងទេសចរណ៍។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សិង្ហបុរីថ្មី ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលនោះដែរ ក្រៅពីការស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី និងលោកស្រី ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ រំលេចនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងសិង្ហបុរី នាពេលកន្លងមក និងបានចែក រំលែក ផ្លាស់ប្តូរទស្សនៈ លើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេស លើវិស័យអប់រំ និងទេសចរណ៍ ក្នុងដំណាក់កាល ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងគោលដៅស្វែងយល់ ពីឱកាសផ្សេងៗ ដើម្បីឈានឆ្ពោះ ទៅរកការពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ឱ្យកាន់តែ និងរីកចម្រើនបន្ថែម បន្តទៅមុខទៀត៕