ប្រទេសបារាំងបានលុបចោលប្រតិបត្តិការយោធារួមគ្នាជាមួយម៉ាលីដោយសារតែបញ្ហារដ្ឋប្រហារ

កាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបុរសខ្លាំងម៉ាលីលោក អាសស៊ីមី ហ្គោអ៊ីតា ដែលដឹកនាំរដ្ឋប្រហារកាលពីឆ្នាំមុន បានបណ្តេញប្រធានាធិបតីអន្តរកាលស៊ីវិលនិងនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ដែលជារដ្ឋប្រហារលើកទីពីររបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះក្នុងរយៈពេលប្រាំបួនខែ ប្រទេសបារាំងក៏បានសម្រេចចិត្ត ផ្អាកប្រតិបត្តិការយោធារួមគ្នាជាមួយកងទ័ពម៉ាលី ដោយវាបានបន្ថែមសម្ពាធអន្តរជាតិដើម្បីឱ្យរបបយោធានេះប្រគល់អំណាចឱ្យស៊ីវិលវិញ។

ចំណាត់ការនេះដែរ បានបង្កឱ្យមានចលាចលការទូត ដោយញ៉ាំងឱ្យសហរដ្ឋអាម៉េរិក ផ្អាកជំនួយសន្តិសុខសម្រាប់កងកម្លាំងសន្តិសុខម៉ាលីនិងជំរុញឱ្យសហភាពអាហ្វ្រិកនិងសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) ព្យួរបេក្ខភាពរបស់ប្រទេសម៉ាលី។

កងកម្លាំងប្រដាប់អាវុធបារាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “លក្ខខណ្ឌតម្រូវការនិងខ្សែក្រហមត្រូវបានកំណត់ដោយ ECOWASនិងសហភាពអាហ្វ្រិកដើម្បីបញ្ជាក់ពីក្របខ័ណ្ឌសម្រាប់អន្តរកាលនយោបាយនៅប្រទេសម៉ាលី”។

ក្រសួងការពាររបស់ជាតិបារាំងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFPយ៉ាងដូច្នេះថា “ខណៈរង់ចាំការធានាទាំងនេះ បារាំងបានសម្រេចចិត្តផ្អាកប្រតិបត្តិការយោធារួមគ្នាជាមួយកងកម្លាំងម៉ាលីនិងបេសកកម្មប្រឹក្សាជាតិដើម្បីផលប្រយោជន៍របស់ខ្លួន។ការសម្រេចចិត្តទាំងនេះនឹងត្រូវវាយតម្លៃឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខផ្អែកតាមចម្លើយដែលផ្តល់ដោយអាជ្ញាធរម៉ាលី”។

ទាំងម៉ាលីនិងបារាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការងើបបះបោររបស់ក្រុមជីហាដ ដែលហែកហួរពេញតំបន់សាហ៊ែល។បារាំងមានកងទ័ព ៥.១០០ នាក់នៅតំបន់សាហ៊ែលក្រោមប្រតិបត្តិការ Barkhaneរបស់ខ្លួន ដែលលាតសន្ធឹងនៅប្រទេសចំនួន ៥ គឺបួគីណាហ្វាសូ ឆាដ ម៉ាលី ម៉ូរីតានី និងនីហ្សេ៕