កម្មកររោងចក្រ វ៉ាយ អេស ស៊ី ជាង ៤០០ នាក់ រកឃើញវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២១ នាក់

នៅរសៀល ថ្ងៃទី៣ ខែមិថុនានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ បាន ចុះទៅយកសំណាក កម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រ វ៉ាយ អេស ស៊ី ចំនួន ៤២១ នាក់ រកឃើញវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២១ នាក់។

ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ លោក សេង វ៉ាន់ថា បានឲ្យដឹងថា នៅវេលា ម៉ោង ១ រសៀល ថ្ងៃទី៣ ខែមិថុនានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីកម្មករ កម្មការិនី បំរើការងារ នៅក្នុងរោងចក្រ វ៉ាយ អេស ស៊ី មានទីតាំងស្ថិតក្នុងក្រុមទី១៤ ផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ សរុប ៤២១ នាក់ ក្នុងនោះ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២១ នាក់។

ក្រោយរកឃើញវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកទៅព្យាបាលនៅមន្ទីរ ពេទ្យហ្លួងម៉ែ ភ្លាមៗ។ ចំណែក កម្មករ កម្មការិនី ដែលពុំមានវិជ្ជមានកូវីដ១៩ ត្រូវឲ្យត្រឡប់ ទៅធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងបន្ទប់ជួល។រីឯរោងចក្រ ត្រូវបានក្រសួងការងារ ឲ្យផ្អាកដំណើរការ ជាបណ្តោះអាសន្ន រយៈពេល ៧ ថ្ងៃ។លោក ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានបញ្ជាក់ថា មកដល់ថ្ងៃនេះ រោងចក្រកាត់ដេរ ប្រមាណជិត ១០ ទៅហើយ ត្រូវបានឲ្យផ្អាកការងារ ជាបណ្តោះអាសន្ន ព្រោះតែមានកម្មករ កម្មការិនី ឆ្លងជំងឺកូវីដ១៩៕