ប្រទេសវៀតណាមបានអនុម័តឲ្យប្រើ វ៉ាក់សាំងចិន Sinopharm ដើម្បីទប់ទល់កូវីដ-១៩

យោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reutersបានអោយដឹងថា
ប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រកាសថា ខ្លួនបាន អនុម័ត ឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។

ចំពោះការអនុម័តខាងលើនេះ គឺត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ចំពោះមុខ ការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលវៀតណាមបានរកឃើញអ្នកឆ្លងជំងឺនេះ រាប់រយករណីនៅក្នុងមួយថ្ងៃៗ។ Sinopharm គឺជាវ៉ាក់សាំងទី ៣ ហើយដែលប្រទេសវៀតណាម បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V។

វ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងចិនទី ១ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោយពីស្ថាប័នជំនាញរបស់អង្គការនេះ បានពិនិត្យឃើញអំពី សុវត្ថិភាព និងប្រសិទ្ធភាព។ ដោយឡែកវ៉ាក់សាំងមួយទៀតមកពីក្រុមហ៊ុនចិន Sinovac ក៏ទើប ត្រូវបាន WHO ប្រកាសទទួលស្គាល់ជាផ្លូវការផងដែរ ខណៈវាកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូ លាយរួចទៅហើយ នៅទូទាំងពិភពលោក៕