រដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ាធ្វើការអំពាវនាវឱ្យរ៉ូហ៊ីងយ៉ាចូលរួមក្នុងចលនាបះបោរប្រឆាំងរបបយោធា ព្រមទាំងសន្យាផ្ដល់សញ្ជាតិឱ្យ

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ ២០២១បានអោយដឹងថា រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានអំពាវនាវ ឱ្យ ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាចូលរួមក្នុងចលនា បះបោរផ្ដួលរំលំ របបយោធា ជាមួយការសន្យាថា នឹងផ្ដល់សញ្ជាតិជាពលរដ្ឋមីយ៉ាន់ម៉ាពេញសិទ្ធិ។

ប្រទេស មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិ បាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពី ថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ យោធារបស់មីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបទៅលើ ក្រុមអ្នកប្រឆាំង ដោយបានផ្ដាច់ជីវិតមនុស្ស ច្រើនជាង ៨០០នាក់ហើយ ជាហេតុដែរជំរុញ ឱ្យអតីតក្រុមសមាជិកសភានៃគណបក្ស NLD របស់លោកស្រីស៊ូជីបង្កើតរដ្ឋាភិបាលស្រមោលមួយមានឈ្មោះថា «រដ្ឋាភិបាលរួបរួមជាតិ» (National Unity Government)ដែលបាននិងកំពុងប្រមូលកម្លាំងពីក្រុមជនជាតិដើមភាគតិចទាំង អស់នៅទូទាំង
ប្រទេសឱ្យចូលរួមក្នុងចលនាបះបោរប្រឆាំងរបបយោធា។

យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋាភិបាលស្រមោល មីយ៉ាន់ម៉ាបានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូមអញ្ជើញឱ្យ ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាចូល រួមជាមួយនឹងពួកយើងនិងជាមួយក្រុមជនជាតិដើមភាគតិដទៃនៅក្នុងចលនាបដិវត្តន៍ប្រឆាំងនឹងរបបយោធាផ្ដាច់ការ»។

សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានប្រកាសចាត់ទុកថារដ្ឋាភិបាលស្រមោលជា «អង្គការភេរវករ»
ដែលមានន័យថាអ្នកដែលបានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលស្រមោលនេះនឹងត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងភេរវកម្ម៕