កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់សំខាន់ៗ មួយចំនួនទៀត

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។នៅក្នុងកិច្ចប្រជុំនាព្រឹកម៉ិញនេះបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់ រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញ រដ្ឋសភា ពិនិត្យសិក្សា។

ជាមួយគ្នានេះដែរ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តយល់ព្រម លើសំណើលាឈប់ ពីតួនាទី និងតំណែង ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើស រើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ច ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូល ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ ចំនួន៤ ដែលគណៈកម្មការ ជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យ និងសិក្សាមានសេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ ព្រំដែន កម្ពុជា-ថៃ។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញ ថាមពលអគ្គិសនីពីប្រទេស វៀតណាម ។

និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ខេត្តកោះកុង។

ក្រៅពីនេះ អង្គប្រជុំ បានអនុម័តយល់ព្រម លើសេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងារ របស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពការងាររដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំ រដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ៕