នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក ស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួប ពិភាក្សាការងារពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹង ជំងឺកូវីដ១៩។
កិច្ចពិភាក្សានេះផងដែរក៏បានការចូលរួមពីសំណាក់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងតំណាងអង្គការ UNICEF ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធ នឹង ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយការកក ស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្តីពីវិធាន ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកដោយគ្រោះថ្នាក់ធ្ងន់ ធ្ងរផ្សេងទៀត។
បើតាម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន តាមរយៈទំព័រ Facebook នៅព្រលប់ថ្ងៃទី៣ ខែមិថុនា បានឱ្យដឹងថា កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នារវាង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័ន UN ធំៗ ប្រចាំកម្ពុជា រួមមាន៖
ទី១៖ ស្ថានភាពសិទ្ធិមនុស្ស និងច្បាប់កូវីដ១៩
ទី២៖ លទ្ធផលយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ
ទី៣៖ វិធានការដោះស្រាយភាពចង្អៀតណែននៃអ្នកជាប់ឃុំក្នុងពន្ធនាគារ
ទី៤៖ វិធានការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ ក្នុងពន្ធនាគារ
និងទី៥៖កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ផ្សេងៗទៀតពាក់ព័ន្ធការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ជាដើម។ល៕