ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់រដ្ឋនិមួយៗ ព្រមទាំងមន្ទីរពេទ្យឯកជននានានៅ ទូទាំងប្រទេសរបស់ខ្លួន អាចធ្វើការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងបាន

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ ២០២១ បានអោយដឹងថា រដ្ឋមន្រ្តីក្រសួងសម្របសម្រួលការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ី លោក Khairy Jamaluddin បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី៣ មិថុនាថា រដ្ឋាភិបាលរបស់រដ្ឋ និងមន្ទីរពេទ្យឯកជននានានៅ ទូទាំងប្រទេស អាចធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយខ្លួនឯងបាន ក្នុងនោះរាប់ បញ្ចូលទាំងវ៉ាក់សាំងដែលមិនត្រូវបានប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់ សាំងជាតិ តួយ៉ាងដូចជាវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna និង Sinopharm ជាដើម។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំង មួយ កន្លែងក្នុង រដ្ឋ Penang នៅថ្ងៃព្រហស្បតិ៍ ទី៣ មិថុនានេះ លោក Khairy បាននិយាយថា មន្ទីពេទ្យ ថ្នាក់រដ្ឋនិងមន្ទីរពេទ្យឯកជននានាក្នុងប្រទេសម៉ាឡេស៊ីអាចបញ្ជាទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេបាន ដរាបណាវ៉ាក់សាំងទាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក។

លោក Khairy បានមានប្រសាសន៍ថា «ប្រសិនបើរដ្ឋាភិបាលរដ្ឋចង់ទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួក គេ ហើយនាំវ៉ាក់សាំងទាំងនោះចូល ពួកគេអាចបន្តធ្វើបាន។ យើងថែមទាំងអាចទាំងជួយសម្របសម្រួលការពិភាក្សាជាមួយក្រុមហ៊ុនឱសតទៀតផង»។

លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់រដ្ឋ ឬមន្ទីរពេទ្យឯកជនត្រូវការចុះបញ្ជីការទិញទាំង នេះជាមួយទីភ្នាក់ងារនិយតកម្មឱសថជាតិ នៃក្រសួងសុខាភិបាលម៉ាឡេស៊ីជាការស្រេច។

ទោះយ៉ាងណាប្រសិនបើភាគីទាំងនេះមានបំណងចង់ទិញវ៉ាក់សាំងដែលត្រូវបានប្រើក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិនាពេលបច្ចុប្បន្នដូចជា វ៉ាក់សាំង Sinovac និង Pfizer នោះ ពួកគេនឹងត្រូវរង់ចាំក្រុម ហ៊ុនផ្គត់ផ្គង់អាចបំពេញការបញ្ជាទិញរបស់រដ្ឋាភិបាលសហព័ន្ធជាមុនសិន៕