ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខា ភិបាល អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោកស្រី Pauline Tameis បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខា ភិបាល ចំពោះការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Kristin Parco ប្រធានបេសកម្ម អង្គការអន្តរជាតិ ទទួលបន្ទុកទេសន្តប្រវេសន៍ និងលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ផងដែរ ។
លោកស្រីតំណាងអង្គការសហប្រជាជាតិបានថ្លែងថា «សូមសម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណ ដល់រាជរដ្ឋភិបាលកម្ពុជា និងក្រសួងសុខាភិបាល ចំពោះការគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា។ អង្គការសហប្រជាជាតិបានប្តេជ្ញាបន្តកិច្ចសហការ និងគាំទ្រ រាជរដ្ឋាភិ បាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរ ដោយស្មោះចំពោះកិច្ចសហការ និងការគាំទ្រ របស់ អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដែលតែងតែ សហការ និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕