អាជ្ញាធរខណ្ឌច្បារអំពៅ បានទុកពេល១សប្តាហ៍ ឱ្យអ្នកដែលរស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេបាសាក់ រុះរើចេញដោយខ្លួនឯង

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានជូនដំណឹងដោយទុករយៈពេល១សប្តាហ៍ ឱ្យអ្នក រស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញ ដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹងទេ រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយ មិនទទួលខុសត្រូវរាល់ការខូតខាតឡើយ ។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាងលោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។
ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរ លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យណែនាំ ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំងរួមមាន៖
*ទី១៖ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ
*ទី២៖ នៅមាត់ទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចត នៅមាត់ច្រាំងទន្លេ
*ទី៣៖ នៅចំំណុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។

បន្ទាប់ពីបានអានខ្លឹមសារ នៅក្នុងសេចក្តីជូនដំណឹង និងបានស្តាប់ការពន្យល់បន្ថែមពីលោក អភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេបានយល់ព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារ អំពៅ តែសុំពន្យារពេលថែមទៀត ដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែត ទឹកចេញ ពីព្រោះនៅក្នុងបែ នីមួយៗគឺសុទ្ធតែកូនត្រីទើប និងដាក់ចូលចិញ្ចឹម ។

ការស្នើសុំពន្យាពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់អ្នករស់នៅ លើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើកយកមកពិចារណានិងសម្រេចនៅពេលក្រោយ ៕