សម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្ដីពី បញ្ហាប្រឈម និងវិធានការ នានាក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្ដរជាតិ បាននិងកំពុងប្រព្រឹត្តទៅ នៅថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ ការអង្គការ សហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ (ACU) គ្រោងធ្វើសេចក្ដីថ្លែងការណ៍តាមរយៈវីដេអូថតទុកជាមុន ដែលមាន ផ្សាយ បន្ដផ្ទាល់នៅលើគេហទំព័រអង្គការសហប្រជាជាតិ (http://webtv.un.org/live) និង Channel Youtube របស់អង្គការសហប្រជាជាតិ (United Nations: http://www.youtube.com/user/unitednations)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ACU បញ្ជាក់ថា ចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំនៃប្រទេសចំនួន១៨៦រួមទាំងកម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) និងអង្គការថ្នាក់តំបន់ អន្តរជាតិ និងស្ថាប័ននានាក្នុងវិស័យ ប្រឆាំងអំពើពុករលួយ ជួបជុំគ្នានៅក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតស្តីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ (UNGASS) ដែលត្រូវបានសម្រេចឱ្យរៀបចំនៅពាក់កណ្តាលឆ្នាំ២០២១ គឺដើម្បីអនុម័ត លើសេចក្តីប្រកាសនយោបាយ ដែលមានលក្ខណៈច្បាស់លាស់ និងផ្តោតលើ សកម្ម ភាព ស្របតាមសេចក្តីសម្រេចលេខ 73/191 នៃមហាសន្និបាត កាល ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ជានីតិវិធី រដ្ឋភាគីអាចធ្វើសេចក្តីថ្លែងការណ៍ថតទុកជាមុន ដើម្បីចាក់ផ្សាយនៅក្នុងកិច្ចប្រជុំ។
UNCAC មានគោលបំណង៖
១៖ លើកកម្ពស់ និងពង្រឹងវិធានការបង្ការ និងប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធ
ផល
២៖ លើកកម្ពស់ សម្របសម្រួល និងគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយបច្ចេកទេសក្នុង ការបង្ការអំពើពុករលួយ រួមមានការបញ្ជូនមកវិញនូវទ្រព្យដែលជាផលនៃបទល្មើស
៣៖ លើកកម្ពស់សុចរិតភាព គណនេយ្យភាព និងការគ្រប់គ្រងត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងកិច្ច ការសាធារណៈ៕