នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ងាយ រងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ ក្នុងរាជធានីភ្នំពេញ ។
មូលប្បទានបត្រចំនួន៣០ម៉ឺនដុល្លារ ត្រូវបានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូនឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល ។ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ រងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសក្នុងការចូលរួមជាមួយទីស្នាក់ការកណ្តាល ដើម្បី រៀបចំទិវា ៨ឧសភា នាពេលកន្លងមកប្រកបដោយភាពរលូន។
លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខា ក៏ដូចជាគណៈបញ្ជាការឯកភាពរាជ ធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ដែលបានដឹកនាំកម្លាំងសរុប និង ប្រើប្រាស់មធ្យោបាយសរុប ក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ជា ពិសេសក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ជួយដល់ដំណើរការចាក់វ៉ាក់សាំង និងផ្តល់ស្បៀងជូន ដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក។
ក្នុងឱកាសទទួលថវិកាពីកាកបាទក្រហមកម្ពុជានេះដែរ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងឧបត្ថម្ភ ថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងសូមប្តេជ្ញាប្រើប្រាស់ ថវិកាដ៏ថ្លៃថ្លានេះ ឱ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ប្តេជ្ញាចិត្តរួបរួមគ្នា ធ្វើកិច្ច ការងារមនុស្សធម៌ ឱ្យបានល្អប្រសើរ ដើម្បីឧត្តមភាពនៃកាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំ ប្រកបដោយគតិបណ្ឌិត នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងខិតខំប្រឹងប្រែង ស្វែងរក ចំណូលថវិកាបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងរាជធានី ភ្នំពេញ ៕