នៅក្នុងជំនួបពិភាក្សារវាង សភាកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ តាម ប្រព័ន្ធ វីដេអូ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក វឿន ឌីញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញារួមគ្នា បង្កើនកិច្ច សហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទាំងពីរក្រោយពីវិបត្តិ ជំងឺ កូវីដ១៩ បញ្ចប់។
ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ពោះសមិទ្ធផលជា ច្រើននៅគ្រប់វិស័យ ដែល ប្រទេសទាំងពីរសម្រេចបានទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិ បត្តិការដ៏ល្អ ជាប្រពៃណី និងមិត្តភាព ដែលមានតាំងពីយូរមកហើយនោះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ ប្រជាជាតិទាំងសង្ខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ ទើបបានធ្វើឱ្យកិច្ច សហប្រតិបត្តិការស្ទើរគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ ទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបន្តថា រដ្ឋសភាកម្ពុជា និងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធ ផលជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ រដ្ឋសភាប្រទេសទាំង ពីរបាន រក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើ បច្ចុប្បន្នភាព កិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យ កិច្ចសហប្រតិបត្តិការវិស័យការទូតសភា នៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និង សមស្របតាមបរិបទសកលថែមទៀត ។
រីឯ លោកវឿង ឌីញ ហ្វេ ក៏បានគាំទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែរថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏ មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសង្ខាង។
លោកបានសន្យាថា «នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្ស និង រដ្ឋវៀតណាម លោកនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំឡើង ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិជំងឺ កូវីដ១៩ បានបញ្ចប់ទៅ»។
ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ បានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅ គ្រប់ចំណុច អាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខា កាល ពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើង។ រដ្ឋសភាប្រទេសទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិការអន្តរសភា ទាំងនៅក្នុងតំបន់ និងសកលលោក។
ក្នុងឱកាសនោះដែរ សម្តេច ហេង សំរិន និងលោក វឿង ឌីញហ្វេ បានវាយតម្លៃខ្ពស់ និងអបអរ សាទរចំពោះលទ្ធផលបោះបង្គោលព្រំដែនប្រទេសទាំងពីរ សម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងសម្រេចការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេល ឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិ បត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។
សម្តេច ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបាន ផ្តល់ជំនួយជាថវិកា ប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះ គម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងរៀប ចំពិធីបើកការដ្ឋានសាងសង់ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាម មកចូលរួមផងដែរ៕