ចំនួនថវិកាប្រមាណជាជាង ២,៤ ពាន់លានដុល្លារ និងវ៉ាក់សាំងកូវីដ១៩ ចំនួន ៥៤ លានដូសគឺត្រូវបានសន្យាផ្តល់ជូនដោយក្រុមមេដឹកនាំពិភពលោកនិងពាណិជ្ជករប្រមាណ ៤០ រូបកាលពីថ្ងៃពុធទី២ មិថុនាដល់មជ្ឈមណ្ឌល Covax ដែលនឹងផ្តល់ឱ្យបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនូវការការពារខ្លួនបានប្រសើរជាងមុន។
ការសន្យាទាំងនេះត្រូវបានដឹកនាំដោយការសន្យាផ្តល់ជំនួយ ៨០០ លានដុល្លាររបស់នាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នៅឯកិច្ចប្រជុំកំពូលតាមអនឡាញស្តីពីការប្តេជ្ញាចិត្តពន្លឿនចូលទីផ្សាររបស់កូវ៉ាក់ (AMC) ដែលធ្វើសហម្ចាស់ផ្ទះរៀបចំដោយប្រទេសជប៉ុននិងសម្ពន្ធភាពវ៉ាក់សាំង Gavi ដើម្បីធានាការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌។ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា “ដើម្បីជម្នះវិបត្តិដែលយើងកំពុងប្រឈម យើងត្រូវការសាមគ្គីភាពនិងការប្តេជ្ញាចិត្ត” ដោយកត់សម្គាល់ថា បញ្ហាប្រឈមនេះ”មិនអាចដោះស្រាយដោយប្រទេសតែមួយបាននោះទេ”។
ឆ្លើយតបទៅនឹងការអំពាវនាវនូវការផ្តល់ជំនួយវ៉ាក់សាំងនេះគឺមានប្រទេសដូចជាអូស្ត្រាលី ហ្វីលីពីន អេស្ប៉ាញនិងសហរដ្ឋអាម៉េរិកក៏ដូចជាអង្គការមិនរកប្រាក់ចំណេញផ្សេងទៀត ដូចជាអង្គការមូលនិធិប៊ីលនិងមេលីនដាហ្គេតជាដើម។
ចំណែកឯក្រុមហ៊ុនមានដូចជា Toyota Tsusho ដែលជាផ្នែកនៃក្រុមហ៊ុន Toyota Group របស់ជប៉ុននិងធនាគារ UBS Bankក៏បានធ្វើការបរិច្ចាគផងដែរ។ប្រធានក្រុមប្រឹក្សាភិបាលរបស់ Gavi លោក យ៉ូសេ ម៉ានូអែល បារ៉ូសូ និយាយថា ការបរិច្ចាគសរុបកាលពីថ្ងៃពុធបានកើនឡើងដល់ ៩,៦ ពាន់លានដុល្លារសម្រាប់ការទិញវ៉ាក់សាំង និង ៧៧៥លានដុល្លារសម្រាប់ការចែកចាយ។
ចំនួនដូសសរុបដែលបរិច្ចាគដោយប្រទេសដែលមានអតិរេកវ៉ាក់សាំងឥឡូវមានជាង ១៣២ លានដូស។
មុនពេលកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ ទី០២ មិថុនា គំនិតផ្តួចផ្តើម Covaxបានរៃអង្គាសប្រាក់បាន ៧ ពាន់លានដុល្លាររួចទៅហើយ។ ការសន្យានេះដែរ ឥឡូវគឺលើសពីកង្វះថវិកា ១,៣ ពាន់លានដុល្លារដែលបានប៉ាន់ស្មានដោយ Gavi ដើម្បីទទួលបានវ៉ាក់សាំង ១,៨ ពាន់លានដូសដែលត្រូវការចាំបាច់ដើម្បីចាក់ដល់ប្រជាជន ៣០ ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៩២ នៅចុងឆ្នាំ២០២១ នេះ៕