ប្រទេស ម៉ាឡេស៊ីបានសាទរចំពោះសេចក្តីសម្រេចរបស់ WHO ដែលបានទទួលស្គាល់វ៉ាក់សាំងចិន Sinovac ជាផ្លូវការ

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលម៉ិញនេះ បានអោយដឹងថា លោក Khairy Jamaluddin រដ្ឋមន្រ្តីវិទ្យាសាស្ត្រប ច្ចេកវិទ្យា និងច្នៃប្រឌិតថ្មីរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនឱសថចិន Sinovac Biotech ពីសំណាក់អង្គការសុខភាពពិភពលោក ឬហៅកាត់ថា (WHO) នឹងជួយបង្កើនទំនុកចិត្តនៅ ក្នុងប្រទេសម៉ាឡេស៊ី។

លោក Khairy Jamaluddin ដែលជារដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងជាតិផងនោះ ក៏បាននិយាយថា សេចក្តីសម្រេចរបស់ WHO បានបង្ហាញថា វ៉ាក់សាំងនេះគឺមានសុវត្ថិភាព និងប្រសិទ្ធភាព។

លោកបានមានប្រសាសន៍បន្ថែមថា «វ៉ាក់សាំង Sinovac ទីបំផុតត្រូវបានយល់ព្រម ដោយអង្គការ សុខភាពពិភពលោក។ ការទទួលស្គាល់ជាសកលនេះគឺជាការជំរុញទំនុកចិត្តមួយ ខណៈដែលការផ្គត់ផ្គង់វ៉ាក់សាំងនេះចំនួន ១២លានដូសទៀត នឹងធានាថាប្រជាជនរបស់ម៉ាឡេស៊ី ១៨ ភាគរយនឹង ទទួលបានអត្ថប្រយោជន៍ពីវ៉ាក់សាំងនេះ។ វាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព»៕