នាវាកងទ័ពជើងទឹកដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីរ៉ង់បានឆាបឆេះឡើង ហើយបានលិចនៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃអង្គារទី១មិថុនាកន្លងទៅថ្មីៗនេះ។
នាវាដឹកទំនិញរបស់កងទ័ពជើងទឹកដែល មានឈ្មោះថា Kharg ប្រវែង ១៩៨ ម៉ែត្រ ផលិតឡើងដើម្បីផ្គត់ផ្គង់សម្ភារៈដល់នាវាផ្សេងៗនៅលើសមុទ្រ បានឆាបឆេះកាលពីថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធមួយរបស់វាក្នុងពេលធ្វើសមយុទ្ធនៅលើសមុទ្រ។
យោធារបស់អ៊ីរ៉ង់បាននិយាយថា នាវិកនិងនិស្សិតទាំង ៤០០ នាក់នៅលើនាវា ដែលសាងសង់នៅចក្រភពអង់គ្លេសឆ្នាំ ១៩៧៧ ត្រូវបានជម្លៀសចេញ ដោយមានរបួសស្រាលមួយចំនួនតែប៉ុណ្ណោះ មុនពេលវាត្រូវបានពន្លត់ភ្លើង។ចំណែកឯក្រុមមន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេមិនអាចសង្គ្រោះនាវាបានទេដោយវាបានលិចកាលពីព្រឹកថ្ងៃពុធទី២មិថុនា នៅជិតកំពង់ផែហ្សាស បន្ទាប់ពីការខិតខំពន្លត់អស់រយៈពេល ២០ ម៉ោង។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើអគ្គិភ័យនេះបានចាប់ផ្តើមយ៉ាងដូចម្តេចនោះ ប៉ុន្តែវាកើតឡើងចំពេលមានការវាយប្រហារទៅលើនាវាដឹកទំនិញនិងនាវាយោធានៅក្នុងប៉ុន្មានខែថ្មីៗនេះដែលអ៊ីរ៉ង់និងអ៊ីស្រាអែលស្តីបន្ទោសគ្នាទៅវិញទៅមកក្នុងពេលដែលទំនាក់ទំនងរវាងសត្រូវចាស់ទាំងពីរកំពុងយ៉ាប់យ៉ឺនទៅៗ៕