ប្រទេសវៀតណាមបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២៤១ករណី» បន្ថែមទៀតនៅ ថ្ងៃពុធទី០២ ខែមិថុនា

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធទី០២ ខែមិថុនា បាន រាយការណ៍ពីការរកឃើញករណីឆ្លង កូវីដ១៩ ថ្មីៗចំនួន ២៤១ករណីបន្ថែមទៀត ដែលនាំឲ្យករណី ឆ្លងសរុបនៅទូទាំងប្រទេសបាន កើនដល់ ៧,៨១៣ករណី។

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ ខាងលើនេះ មាន១២ករណីជាករណីនាំចូលពីក្រៅប្រទេស ។
ករណីដែលនៅសល់ចំនួន ២២៩ករណីទៀត គឺជាករណីសហគមន៍។ ក្នុងចំណោមនោះមាន ១៥៧ករណីនៅខេត្ត Bac Giang, ៣១ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ, ០៨ករណីនៅទីក្រុងហាណូយ, ០១ករណីនៅទីក្រុង Đà Nẵng និង០១ករណីទៀតនៅខេត្ត Hải Dương។

ក្នុងរយៈពេលដូចគ្នានេះផងដែរ ប្រទេសវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ជំងឺម្នាក់ទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៨១៣ករណី ក្នុងនោះស្លាប់៤៩នាក់ និងជាសះស្បើយ ៣,០៨៥នាក់៕