ក្រសួងការបរទេសកម្ពុជា ចេញប្រកាសផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា ជាមួយ លោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sherman) អនុរដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិក ដែលបានមកបំពេញទស្សនកិច្ច រយៈពេល១ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសលទ្ធផល ដែល ទទួលបាន ក្រសួងការបរទេសកម្ពូជាបានបញ្ជាក់ថា៖ នៅក្នុងជំនួបនោះ លោកស្រី ស៊ើមែន បានពាំនាំនូវសារលិខិតរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបង្ហាញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីបាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើទិដ្ឋភាព ជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា (POW/MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា។

លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានជម្រាបជូន សម្តេចតេជោបន្ថែមទៀតអំពីកាលានុវត្ត ភាពជាច្រើនដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការដោះស្រាយបំណុល និងការ វិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យប្រេង និងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងវិស័យផ្សេងៗទៀត។

នៅក្នុងឱកាសនោះ ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការកត់សម្គាល់ប្រកប ដោយការពេញចិត្តចំពោះការលើកឡើងរបស់ លោកស្រី ស៊ើមែន និងបានសម្ដែងនូវការកោត សរសើរចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈអង្គការសុខភាពពិភពលោក (WHO)។ ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបាន រំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និង កិច្ចការបរទេស។

បើតាមសេចក្តីប្រកាស, ក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមាន ចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖
ទី១៖ អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២៖ សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១ភាគរយ និង
ទី៣៖ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។

សម្ដេចតេជោ បានជម្រាបជូន លោកស្រី ស៊ើមែន ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលចំពោះកម្មវិធី មាតុភូមិនិវត្តពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើ គោលការណ៍គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។

ជាការឆ្លើយតប លោកស្រី បានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហ ប្រតិបត្តិការ ទ្វេភាគីនៅលើគ្រប់វិស័យ ហើយលោកជំទាវបានសន្យាថា នឹងយកសំណើនានាដែល បានលើកឡើងដោយ សម្ដេចតេជោ ទៅជម្រាបជូនលោកប្រធានាធិបតី ចូ បៃដិន ៕